ក្រុមមន្រ្តី និយាយកាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ និងការជន់លិចជាបន្តបន្ទាប់នៅខេត្ត Nova Scotiaបានហូរកាត់ផ្តាច់ផ្លូវ អគារ ហើយនិងធ្វើឲ្យខូចខាតស្ពាន និងផ្លូវដែករបស់ក្រុមហ៊ុនផ្លូវដែកជាតិកាណាដា ដែលត្រូវបានប្រើប្រាស់ដើម្បីតភ្ជាប់ទៅកាន់កំពង់ផែធំបំផុតទី៤របស់ប្រទេសកាណាដា ។

ព្យុះដែលបាចាប់ផ្តើមបោកបក់កាលពីថ្ងៃសុក្រ នៅតាមតំបន់មួយចំនួន បង្កឲ្យមានទឹកភ្លៀងកម្ពស់ ២៥សង់ទីម៉ែត្រ ក្នុងរយៈពេលត្រឹម ២៤ម៉ោងប៉ុណ្ណោះ ពោលគឺធ្លាក់ច្រើនជាងទឹកភ្លៀងរយៈពេល ៣ខែទៅទៀត ។
លោក Tim Houston គឺជាអភិបាលខេត្ត Nova Scotia បានចាត់ទុកការខូចខាតថា ជារឿងមិននឹកស្មានដល់ ហើយលោកនិយាយថា វានឹងធ្វើឲ្យមានការខូចខាតគិតជាទឹកប្រាក់ រាប់រយលានដុល្លារ ។

លោក Houston និយាយថា ពួកយើងដឹងពីទំហំនៃការខូចខាត និងផ្នែកខ្លះនៃផ្លូវដែក ។ វាគឺជាក្តីកង្វល់ធំសម្រាប់ពួកយើង ។ ពួកយើងដឹងច្បាស់ពីសារសំខាន់របស់ប្រព័ន្ធរថភ្លើង និងផ្លូវដែក ដូច្នេះហើយពួកយើងកំពុងព្យាយាមស្វែងរកជំនួយគ្រោះមហន្តរាយសហព័ន្ធ ។

ខេត្ត Nova Scotia បានប្រកាសដាក់ខេត្តក្នុងគ្រាអាសន្នកាលពីយប់ថ្ងៃសៅរ៍ ដែលមានរយៈពេលរហូតដល់ថ្ងៃទី ៥ ខែសីហា ខាងមុខ ។
ក្មេង ២នាក់ បានបាត់ខ្លួននៅជិតរដ្ឋធានី Halifaxនៃខេត្ត Nova Scotia ក្រោយពេលដែលរថយន្តរបស់ពួកគេរងការជន់លិច ។ នៅក្នុងឧបទ្ទវហេតុមួយផ្សេងទៀត បុរសម្នាក់ និងយុវជនម្នាក់ បានបាត់ខ្លួន ក្រោយរថយន្តរបស់ពួកគេ បើកឆ្លងកាត់ទឹកជ្រៅ ៕
