កីឡាករវាយកូនបាល់រុស្ស៊ី Andrey Rublev បានយកឈ្នះកីឡាករន័រវេស Casper Ruud ពីរសិតផ្ទួនៗនៅវគ្គ ផ្តាច់ព្រ័ត្រដើម្បីគ្រងជើងឯកកម្មវិធី Swedish Open នៅថ្ងៃអាទិត្យម្សិលមិញនេះនៅទីក្រុង Bastad ប្រទេសស៊ុយអែត។
កីឡាកររុស្ស៊ីលំដាប់លេខ ២៥ ពិភពលោក Andrey Rublev បានយកឈ្នះ Casper Ruud ៧-៦(៧-៣) និង ៦-០ ដើម្បីគ្រងជើងឯកលើកទី ២ ក្នុងឆ្នាំ ២០២៣ នេះ។

Casper Ruud ដែលធ្លាប់ជាជើងឯកនៅទីនេះឆ្នាំ ២០២១ មិនអាចរកបានជ័យជំនះនៅទីនេះម្តងទៀត បន្ទាប់ពី ទំរង់លេងដ៏ល្អរបស់ Andrey Rublev ដែលទើបឈ្នះជើងឯកនៅក្នុងកម្មវិធី Monte Carlo Masters។
ងាកមកលទ្ធផលផ្សេងទៀត កីឡាករអាហ្សង់ទីន Pedro Cachin បានគ្រងជើងឯកលើកដំបូងក្នុងក្របខណ្ឌ ATP Tour ក្រោយយកឈ្នះកីឡាករវ័យ ៣៥ ឆ្នាំអេស្ប៉ាញ Albert Ramos-Vinolas នៅវគ្គផ្តាច់ព្រ័ត្រដើម្បីគ្រងជើងឯក Swiss Open។
ជ័យជំនះនេះធ្វើឱ្យ Pedro Cachin រំកិលពីចំណាត់ថ្នាក់ពិភពលោកលេខ ៩០ មកចំណាត់ថ្នាក់ល្អបំផុតក្នុងអាជីពលេខ ៤៩ នៅថ្ងៃចន្ទនេះ៕ អត្ថបទ៖នាង សុភាវុធ
