ប្រតិភូកីឡាហែលទឹកកម្ពុជា ៤រូប ដឹកនាំដោយលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម ថុនពន្លឺ ជាគ្រូបង្វឹក ព្រមទាំងកីឡាករ មនត្រស ផានសុណ្ណអារុន និងកីឡាការិនី ឃឺន ចន្ទចរិយា កាលពីចុងសប្ដាហ៍កន្លងទៅ បានធ្វើដំណើរទៅចូលរួមការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣ និងមហាសន្និបាតសហព័ន្ធកីឡាហែលទឹកពិភពលោក នៅទីក្រុង Fukuoka ប្រទេសជប៉ុន ។
បេសកកម្មនេះ តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក ។ អ្វីដែលពិសេស សហព័ន្ធកីឡាហែលទឹកពិភពលោក ថែមទាំងបានជ្រើសរើសសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីឡើងធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់សហព័ន្ធ និងការជួយជំរុញគាំទ្របន្ថែមសម្រាប់ការអភិវឌ្ឍបន្ត ដ្បិតមានសមាជិកត្រឹម ១០ប្រទេសប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសឲ្យឡើងធ្វើបទបង្ហាញនេះ ។ នេះជាលើកទី១ សម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីបង្ហាញឲ្យពិភពលោក បានស្គាល់អំពីការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ។
គួរដឹងថា ការប្រកួតនេះ សម្រាប់មហាសន្និបាតនេះ នឹងធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅ រហូតដល់ថ្ងៃទី២៥ ខែកក្កដាស្អែកនេះ គ្រាដែលការប្រកួតនឹងបន្ដរហូតដល់ចុងខែទើបបញ្ចប់ ។ នេះបើយោងតាមការបញ្ជាក់របស់លោក ហែម គិរី មុនចាកចេញពីមាតុភូមិ៕ អត្ថបទ លី ឈុនឡា