ធនាគារកណ្តាលរបស់ប្រទេសចិន បានចេញសេចក្តីស្នើច្បាប់ស្តីពីការគ្រប់គ្រងសុវត្ថិភាពទិន្នន័យសម្រាប់ប្រតិបត្តិការផ្ទាល់របស់ធនាគារ នៅថ្ងៃចន្ទនេះ ខណៈដែលទីក្រុងប៉េកាំង រឹតបន្តឹងការក្តោបក្តាប់របស់ខ្លួនលើការប្រើប្រាស់ទិន្នន័យ និងសន្តិសុខ ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ កើនឡើង និងការព្រួយបារម្ភអំពីភាពឯកជន។

ធនាគារប្រជាជនចិន កំពុងស្នើសុំមតិសាធារណៈលើសេចក្តីព្រាងគោលការណ៍ណែនាំនេះ រហូតដល់ថ្ងៃទី២៤ ខែសីហា។
ធនាគារកណ្តាល នឹងបង្កើតប្រព័ន្ធគណនេយ្យភាពសម្រាប់សុវត្ថិភាពទិន្នន័យ និងវិធានការដាក់ទណ្ឌកម្មផងដែរសម្រាប់ការបំពាន ដោយស្វែងរកការគ្រប់គ្រងរាល់សកម្មភាពដំណើរការទិន្នន័យ ដោយអនុលោមតាមច្បាប់។
នៅក្រោមច្បាប់នេះ ទិន្នន័យរបស់ធនាគារកណ្តាល ដែលប្រមូលបាននៅក្នុងប្រទេស ប្រសិនបើតម្រូវដោយច្បាប់ នឹងត្រូវរក្សាទុកក្នុងប្រទេស ហើយអ្នកដំណើរការទិន្នន័យ ត្រូវបានហាមឃាត់មិនឲ្យបំបែក ឬកាត់បន្ថយទំហំនៃទិន្នន័យ ដើម្បីជៀសវាងការត្រួតពិនិត្យសុវត្ថិភាពផ្លូវការ នៅពេលទិន្នន័យ ត្រូវបានយកចេញ។
កាលពីខែកក្កដាឆ្នាំមុន ប្រទេសចិនបានបង្ហាញវិធានការត្រួតពិនិត្យទិន្នន័យឆ្លងព្រំដែន ដែលទាមទារឲ្យ មានការត្រួតពិនិត្យសុវត្ថិភាពសម្រាប់ការផ្ទេរទិន្នន័យនៅបរទេសដ៏សំខាន់ ជាដំណើរការដែលបណ្តាលឲ្យមានការភាន់ច្រឡំ និងបង្កើនការព្រួយបារម្ភក្នុងចំណោមក្រុមហ៊ុនហិរញ្ញវត្ថុបរទេស ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ។
