ភ្នំពេញ៖ ឯកឧត្ដម ហង្ស ពុទ្ធា អ្នកនាំពាក្យ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថាថា ក្រុមអ្នកសង្កេតការណ៍វាយតម្លៃខ្ពស់ចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រឹម និងយុត្តិធម៌។
ឯកឧត្ដម ហង្ស ពុទ្ធា បានបញ្ជាក់បែបនេះ ក្នុងឱកាស កិច្ចប្រជុំសង្ខេបព្រឹត្តិការណ៍ អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ជាមួយអ្នកសង្កេតការអន្តរជាតិ មកពីបណ្តាប្រទេសនានា នៅសណ្ឋាគារ សូហ្វីតែល នៅរាជធានីភ្នំពេញ នាថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៣នេះ។
ក្នុងនាម គ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងអំណរគុណដល់បណ្ដាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាក្នុងអាណត្តិទី៧ ឆ្នាំ២០២៣នេះ និងបានធ្វើការវាយតម្លៃយ៉ាងសុក្រឹតនៃដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្ដមបញ្ជាក់ថា អ្នកសង្កេតការណ៍អន្តរជាតិសំខាន់ៗ ដែលជាអ្នកដឹកនាំកំពូលនៃស្ថាប័នរៀបចំការបោះឆ្នោតបានមានមតិថា ទោះបីជាមិនបានចុះសង្កេតនៅគ្រប់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសក៏ដោយ ប៉ុន្ដែសំណាកនៃការសង្កេតការណ៍តាមខេត្តមួយចំនួនអាចវាយតម្លៃបានថាប្រជាពលរដ្ឋកម្ពុជា បានចេញទៅបោះឆ្នោតដោយក្ដីរីករាយហើយអញ្ជើញទៅបោះឆ្នោតកើនដល់ ៨៤,៥៨ ភាគរយជាតួលេខខ្ពស់បើប្រៀបនឹងបណ្ដាតួលេខដែលមានការបោះឆ្នោតនៅប្រទេសរបស់ពួកគេ៕
អត្ថបទ៖ វ៉ន ដារ៉ា