យ៉ាងហោចណាស់មនុស្ស ៣១នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីមានទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបណ្ដាលមកពីភ្លៀងធ្លាក់តាមរដូវកាល ក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលមនុស្ស ១៣នាក់ បានបាត់បង់ជីវិត ដោយសារភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី នៅប្រទេសជិតខាងប៉ាគីស្ថាន។

លោក Shafiullah Rahimi អ្នកនាំពាក្យដែលត្រូវបានតែងតាំងដោយក្រុមតាលីបង់ ដើម្បីគ្រប់គ្រងក្រសួងគ្រោះមហន្តរាយរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយ កាលពីថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា) ថា មនុស្សយ៉ាងហោចណាស់ ៣១នាក់ បានស្លាប់ ៧៤នាក់ រងរបួស និង៤១នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីមានទឹកជំនន់ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។

លោកបានបញ្ជាក់បន្ថែមថា ភាគច្រើននៃអ្នកស្លាប់ និងរបួស គឺនៅភាគខាងលិចក្រុងកាប៊ុល និងខេត្ត Maidan Wardak។
នៅប្រទេសប៉ាគីស្ថាន ភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី បានឆក់យកជីវិតមនុស្ស ១៣នាក់ និងបានបណ្ដាលឲ្យ ៧នាក់រងរបួស នៅក្នុងខេត្ត Khyber Pakhtunkhwa ( ឃីបើ ប៉ាក់ទុនខា) និងក្នុងក្រុង Skardu របស់តំបន់ Gilgit Baltistan ខណៈដែលរដូវមូសុង នៅបន្តប៉ះពាល់ដល់ផ្នែកជាច្រើនទៀតរបស់ប្រទេស នៅថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា)។
យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងថា គិតតាំងពីមានភ្លៀងរដូវមូសុង ដែលចាប់ផ្តើមនៅថ្ងៃទី២៥ ខែមិថុនា មនុស្សយ៉ាងហោចណាស់ ១០១នាក់ ក្នុងនោះមានស្ត្រី ១៦នាក់ និងកុមារ ៤២នាក់ បានស្លាប់។
សម្រាប់ប្រទេសអាហ្វហ្គានីស្ថានវិញ គ្រោះមហន្តរាយធម្មជាតិ ប៉ះពាល់ដល់មនុស្ស ២០០.០០០នាក់ជាមធ្យមក្នុងមួយឆ្នាំ។ នៅឆ្នាំ២០២២ ទឹកជំនន់ឡើងខ្លាំង នៅរដូវមូសុង បានជន់លិចជាបណ្តោះអាសន្នលើផ្ទៃដី ១ភាគ៣របស់ប្រទេស ដោយបានសម្លាប់មនុស្សប្រហែល ១.៧០០នាក់៕
