មន្ត្រីម្នាក់មកពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ បាននិយាយ កាលពីថ្ងៃអាទិត្យថា មនុស្សជាង ១៩លាននាក់នៅក្នុងប្រទេសស៊ូដង់ កំពុងប្រឈមនឹងអសន្តិសុខស្បៀង ខណៈដែលជម្លោះប្រដាប់អាវុធដែលកំពុងបន្ត ធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង។

ជម្លោះប្រដាប់អាវុធរវាងក្រុមយោធាជាគូប្រជែងចំនួនពីរក្រុម ដែលបានអូសបន្លាយជាងបីខែមកនេះ បាននាំឱ្យមានការរំខានដល់ការផ្គត់ផ្គង់ទឹក អគ្គិសនី ឧស្ម័ន និងកង្វះខាតស្បៀងអាហារ ព្រមទាំងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើន។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ប្រហែលពាក់កណ្តាលនៃចំនួនប្រជាជន ២៤,៧លាននាក់របស់ប្រទេសស៊ូដង់ រួមទាំងកុមារ ១៣លាននាក់ ត្រូវការជំនួយមនុស្សធម៌។

ចាប់តាំងពីការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសាមក មនុស្សជិត ២,៨លាននាក់បានភៀសខ្លួនចេញពីប្រទេសស៊ូដង់ រួមទាំងមនុស្សប្រមាណ ២៣០.០០០នាក់ បានទៅកាន់ប្រទេសឆាដ។
ទីភ្នាក់ងារ WFP បាននាំយកជំនួយស្បៀងអាហារដល់ប្រជាជនជាង ១,៤លាននាក់នៅក្នុងប្រទេសស៊ូដង់ ហើយមានបំណងផ្តល់ជំនួយសម្រាប់ប្រជាជន ៥,៩លាននាក់ដែលរងផលប៉ះពាល់ដោយជម្លោះនៅទូទាំងប្រទេសនៅឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ត្រូវបានរារាំង ខណៈដែលភាគីសង្រ្គាមបានបរាជ័យក្នុងការធានានូវសុវត្ថិភាពពេញលេញរបស់បុគ្គលិកមនុស្សធម៌ ហើយឃ្លាំងស្តុកស្បៀងអារហាររបស់ទីភ្នាក់ងារ WFP មួយចំនួនត្រូវបានលួចផងដែរ៕