មិនដូចគ្នានឹងក្រុមមិត្តៗកសិកររបស់គាត់ឡើយ ដែលដំណាំរបស់ពួកគេរងផលប៉ះពាល់ដោយសាររលកកម្តៅក្តៅខ្លាំងបំផុតនៅក្នុងប្រទេសអ៊ីរ៉ាក់ លោក Abbas Ali Abdel Latif ដែលជាកសិករដំណាំលម៉ើ និយាយថា លោកទទួលបានផលចំណេញច្រើននៅរដូវក្តៅនេះ ។

សីតុណ្ហភាពក្តៅខ្លាំងនៅទីក្រុងភាគខាងត្បូង Basra ប្រទេសអ៊ីរ៉ាក់ ដែលបានកើនឡើងដល់ជិត ៥០អង្សាសេ គឺត្រូវការខ្លាំងសម្រាប់ដំណាំរបស់លោក ដើម្បីឲ្យទុំកាន់តែលឿន ។ សីតុណ្ហភាពខ្ពស់នេះដែរ បានធ្វើឲ្យល្អប្រសើរដល់បរិមាណផលិតផល ។
លោកនិយាយថា លើសពីនេះទៅទៀត សីតុណ្ហភាពខ្ពស់ មានន័យថា លោកអាចប្រមូលផល រួចផលិតជាទឹកស៊ីរ៉ូលម៉ើ គឺជាទឹកស៊ីរ៉ូ ‘Damaa’ ដ៏ពេញនិយមនៅក្នុងចំណោមអ្នកប្រើប្រាស់ ដែលត្រូវការបង្ហាប់ និងហាលក្រោមពន្លឺព្រះអាទិត្យ ។
រយៈពេលជាង ១សប្តាហ៍កន្លងមកនេះ សីតុណ្ហភាពនៅទូទាំងសកលលោក បានហក់ឡើងខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ហើយនិងបង្កឲ្យមានភ្លើងឆេះព្រៃ ខណៈដែលភ្លៀងខ្លាំង បានវាយប្រហារទីក្រុងជាច្រើននៅជុំវិញពិភពលោក ។
យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN)បានឲ្យដឹងថា អ៊ីរ៉ាក់ គឺជាប្រទេសងាយរងគ្រោះបំផុតលំដាប់ទី ៥របស់ពិភពលោក ចំពោះវិបត្តិអាកាសធាតុ ។

គ្រោះរាំងស្ងួត និងសីតុណ្ហភាពក្តៅខ្លាំង ធ្វើឲ្យរីងស្ងួតដីកសិកម្ម និងធ្វើឲ្យតំបន់ជាច្រើនរបស់អ៊ីរ៉ាក់ ស្ទើតែគ្មានមនុស្សរស់នៅ អំឡុងខែរដូវក្តៅ ។ ប្រទេសមួយនេះ រកឃើញសីតុណ្ហភាពខ្ពស់បំផុតយ៉ាងហោច ៥២អង្សាសេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕