យោងតាមក្រុមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ចំហេះព្រៃដ៏ខ្លាំងក្លាមួយបានបង្ខំឱ្យមានការជម្លៀសប្រជាជនជាថ្មីនៅតាមតំបន់ជនបទនៃតំបន់ Klickitat នៅរដ្ឋ វ៉ាស៊ីនតោន ភាគខាងត្បូងកាលពីថ្ងៃអាទិត្យ (២៣ កក្កដា) បន្ទាប់ពីចំហេះនោះបានដុតបំផ្លាញផ្ទៃដីព្រៃជាង ៥១.០០០ហិកតាក្នុងរយៈពេលបីថ្ងៃ។

ក្រុមការងារគ្រប់គ្រងឧប្បត្តិហេតុអន្តររដ្ឋវ៉ាស៊ីនតោនភាគអាគ្នេយ៍បានបញ្ជាក់ថា ចំហេះព្រៃដែលត្រូវបានគេស្គាល់ថាជាអគ្គិភ័យផ្លូវ Newell គឺជាចំហេះធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រតំបន់ Klickitat ហើយនៅតែមិនទាន់មានកាគ្រប់គ្រងចំហេះនេះបាននៅឡើយ។
ក្រុមមន្ត្រីសង្គ្រោះបន្ទាន់បាននិយាយថា អគ្គិភ័យបានបំផ្លាញសំណង់ជាច្រើននៅក្នុងតំបន់ ហើយកំពុងគំរាមកំហែងដល់ផ្ទះសម្បែង កសិដ្ឋាន ដំណាំ និងបសុសត្វ កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ព្រមទាំងបំពង់បង្ហូរឧស្ម័នធម្មជាតិទៀតផង។
តំបន់នេះនៅតែស្ថិតនៅក្រោមការព្រមានទង់ក្រហមជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំង ព្រមទាំងសំណើមទាប រហូតដល់ម៉ោង ១១យប់ម៉ោងក្នុងស្រុក នេះបើយោងតាមសេវាអាកាសធាតុជាតិ។

ក្រុមអ្នកពន្លត់អគ្គិភ័យមកពីទូទាំងតំបន់បានចុះទៅពន្លត់អណ្តាតភ្លើងដ៏សន្ធោរសន្ធៅ កំពុងឆាបឆេះនៅភាគខាងជើងនៃទន្លេ កូឡំប៊ី ដែលកំណត់ព្រំដែនរដ្ឋជាមួយរដ្ឋ អូរ៉េហ្គន (Oregon)។
ក្រុមមន្ត្រីមិនបានបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យមានចំហេះព្រៃនេះនោះទេ ហើយក៏មិនមានរបាយការណ៍ពីអ្នករបួស ឬស្លាប់ដែរ៕