
សម្តេចប៉ាប Francisបានមានព្រះបន្ទូលកាលពីថ្ងៃអាទិត្យថា រលកកម្តៅកាលពីពេលថ្មីៗនេះនៅតាមតំបន់ជាច្រើនជុំវិញពិភពលោក ហើយនិងទឹកជំនន់នៅតាមប្រទេសជច្រើនដូចជានៅកូរ៉េខាងត្បូង បង្ហាញថា វិធានការបន្ទាន់បន្ថែមទៀតត្រូវការធ្វើ ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ។
សម្តេចប៉ាប Francisបានព្រះបន្ទូលថា ពួកយើងបានឆ្លងកាត់នៅទីនេះ និងនៅតាមប្រទេសជាច្រើន កើតមានហេតុការណ៍អាកាសធាតុក្តៅខ្លាំងបំផុត ហើយម្យ៉ាងវិញទៀត តំបន់ជាច្រើននៅទីនោះ បានរងផលប៉ះពាល់ដោយសាររលកកម្តៅខុសពីប្រក្រតី ភ្លើងឆេះព្រៃ សំណុំផ្សែងពុល ទឹកជំនន់ ជាក់ស្តែងដូចជានៅកូរ៉េខាងត្បូងជាដើម ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ទ្រង់បានមានព្រះបន្ទូលទៀតថា ព្រះអង្គនៅជិតជាមួយអ្នកដែលរងគ្រោះ អ្នកដែលជួយជនរងគ្រោះ និងអ្នកត្រូវបានជម្លៀសខ្លួន ។ ដូច្នេះហើយព្រះអង្គសូមបន្តអំពាវនាវដល់ក្រុមមេដឹកនាំពិភពលោក ធ្វើរឿងបន្ថែមទៀត ដើម្បីកំហិតការបំភាយឧស្ម័នពុល ហើយវាគឺជាការងារលំបាកដ៏បន្ទាន់ ដែលមិនអាចពន្យាពេលបាន ដោយសារតែវាពាក់ព័ន្ធជាមួយអ្នករាល់គ្នា។
នៅពេលបញ្ចប់សារបន្ទូលរបស់ទ្រង់នៅវិមាន Angelus ទៅកាន់ហ្វូងមនុស្សនៅលើទីលានចតុរង្គ St. Peterសម្តេចប៉ាប Francisបានអំពាវនាវផងដែរ ដល់ពិភពលោកឲ្យបោះបង់ចោលយ៉ាងឆាប់រហ័សប្រេងឥន្ធនៈហ្វូស៊ីល និងការពារបរិស្ថាន។
សូមបញ្ជាក់ថា តំបន់ជាច្រើននៅភាគខាងត្បូងសហរដ្ឋអាមេរិក បានឆ្លងកាត់រលកកម្តៅខ្ពស់បំផុតដូចក្តៅឡ.ដុតនំ ស្របពេលដែលសីតុណ្ហភាពក្តៅបំផុត ត្រូវបានរកឃើញផងដែរនៅក្នុងប្រទេសចិន និងតំបន់ភាគខាងត្បូងអឺរ៉ុប ដែលរួមទាំងប្រទេសអ៊ីតាលី និងប្រទេសក្រិក៕