
ក្រុមអាជ្ញាធរឥណ្ឌាបានបិទបញ្ចប់កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតរយៈពេលបួនថ្ងៃ បន្ទាប់ពីបំណាក់ដីដ៏សាហាវបានវាយប្រហារភូមិមួយនៅភាគខាងលិចរដ្ឋ Maharashtra ប្រទេសឥណ្ឌា។ សាកសពមនុស្សចំនួន ២៧នាក់ ត្រូវបានគេរកឃើញ ខណៈដែលមនុស្ស ៥៧នាក់នៅតែបន្តបាត់ខ្លួនបន្ទាប់ពីបំណាក់ដីដែលបានកើតឡើងនៅក្នុងភូមិ Irshalwadi ក្នុងស្រុក Raigad។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយស្ថានភាពលំបាក និងភ្លៀងធ្លាក់ដ៏ខ្លាំង។ បំណាក់ដីដែលបានកើតឡើងកាលពីយប់ថ្ងៃពុធ បានធ្វើឱ្យផ្ទះសម្បែងជាច្រើនខ្នងនៅក្នុងភូមិរងការខូចខាត ដែលស្ថិតនៅពាក់កណ្តាលផ្លូវនៃជម្រាលភ្នំដ៏ចោតមួយមានឈ្មោះថា Irshalgad។
ប្រតិបត្តិការជួយសង្គ្រោះមានភាពស្មុគស្មាញដោយសារដី មានភាពរអិលព្រោះតែភ្លៀងកំពុងបន្តធ្លាក់ ក៏ដូចជាដោយសារតែល្បប់ភក់កំពុងបន្តធ្លាក់ទៅលើក្រុមជួយសង្គ្រោះផងដែរ។ ក្រុមមន្ត្រីបាននិយាយកាលពីសប្តាហ៍មុនថា ល្បប់ភក់ជាច្រើនត្រូវការសម្អាតដោយមនុស្ស ព្រោះវាពិបាកសម្រាប់ម៉ាស៊ីនធុនធ្ងន់ដូចជា JCBs ដើម្បីទៅដល់កន្លែងនោះ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល មានផ្ទះចំនួន ៤៣ ខ្នងក្នុងភូមិនេះ ដែលមានមនុស្ស ២២៨ នាក់រស់នៅ។ មនុស្សប្រហែល ១៤៤នាក់ត្រូវបានជួយសង្គ្រោះ ឬបញ្ចូនទៅឆ្ងាយពីភូមិ Irhalwadi នៅពេលមានគ្រោះមហន្តរាយកើតឡើង៕