
ស្ថានទូតចិនប្រចាំប្រទេសជប៉ុន បាននិយាយ នៅថ្ងៃចន្ទ (ទី២៤ ខែកក្កដា) នេះ ថា ផែនការរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) ក្នុងការពង្រីកវិសាលភាពទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានរំលោភលើច្បាប់របស់អង្គការសហប្រជាជាតិ (UN) ហើយសង្ឃឹមថា ប្រទេសជប៉ុននៅក្នុងអន្តរកម្មរបស់ខ្លួនជាមួយអង្គការណាតូ នឹងបដិសេធសកម្មភាព ដែលធ្វើឲ្យខូចទំនុកចិត្ត ក្នុងចំណោមប្រទេសនៅក្នុងតំបន់។
គេអាចជារំលឹកឡើងវិញថា កាលពីថ្ងៃទី១២ ខែកក្កដា សហរដ្ឋអាមេរិក ពុំបានអញ្ជើញប្រជាជាតិអាស៊ី ឲ្យចូលរួមជាមួយប្លុកនេះទេ។ ការបដិសេធនេះ បានកើតឡើងនៅក្រៅវេទិកាកិច្ចប្រជុំកំពូលណាតូ ក្នុងប្រទេសលីទុយអានី ពេលឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Julianne Smith បាននិយាយថា «យើងមិនបញ្ចូលបន្ថែមសមាជិកមកពីឥណ្ឌូ-ប៉ាស៊ីហ្វិកទៀតឡើយ»។
លោកស្រីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «យើងកំពុងបំបែករបាំង រវាងសម្ព័ន្ធមិត្តអាត្លង់ទិករបស់អាមេរិក និងសម្ព័ន្ធមិត្តប៉ាស៊ីហ្វិករបស់អាមេរិក ដើម្បីពិនិត្យមើលបញ្ហាប្រឈមទូទៅ ដូចជាបញ្ហាសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិត បច្ចេកវិទ្យាដែលកំពុងរីកចម្រើន និងបង្កការរំខាន ហើយនិងសន្តិសុខដែនសមុទ្រ។ មានលំដាប់ដំដោយរបស់បញ្ហាទាំងមូល ដែលយើងអាចរៀនពីគ្នាទៅវិញទៅមក ដោយមិនចាំបាច់នាំសមាជិកណាមួយពីឥណ្ឌូ-ប៉ាស៊ីហ្វិកជាផ្លូវការចូលទៅក្នុងសម្ព័ន្ធភាពទេ»។
ជាមួយគ្នានេះ ទីក្រុងប៉េកាំង ក៏បានរិះគន់សេចក្តីថ្លែងការណ៍រួមរបស់អង្គការណាតូ ដែលបានលើកឡើងថា ប្រទេសចិនកំពុងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងសន្តិសុខរបស់ក្រុមសម្ព័ន្ធភាពជាមួយនឹង «គោលនយោបាយបង្ខិតបង្ខំ» ហើយអ្នកការទូតចិនម្នាក់ បាននិយាយថា សេចក្តីថ្លែងការណ៍នេះ មិនយកចិត្តទុកដាក់លើការពិតជាក់ស្ដែង និងបង្ហាញពីជំហររបស់ទីក្រុងប៉េកាំងដោយមិនត្រឹមត្រូវ៕