ភ្នំពេញ ៖ អគ្គិភ័យ ឆាប់ឆេះផ្ទះប្រជាពលរដ្ឋ១កន្លែងទាំងកណ្ដាលថ្ងៃត្រង់ តែសំណាងល្អមិនរាលដាល ដល់ផ្ទះអ្នកជិតខាង ឬបង្កអោយមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង២០នាទី ថ្ងៃត្រង់ទី១៩ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុច ផ្លូវលេខ៦៥BT ក្រុម ក្បាល៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នគរបាល បានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ប៊ុត សុភាព ភេទស្រី អាយុ៤០ឆ្នាំ មានផ្ទះទំហំ៦គុណ៩ ម៉ែត្រប្រភេទ ស័ង្កសី ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង។
យោងតាមស្ត្រីម្ចាស់ផ្ទះ បានឲ្យដឹងនៅមុនពេលកើតហេតុ គាត់បានសម្រាកនៅក្នុងផ្ទះកើតហេតុ ស្រាប់តែលឺសំឡេងផ្ទុះ ហើយបង្កជាអណ្ដាតភ្លើងតែម្ដង ភ្លាមៗនោះ បានរត់ចេញហៅអោយអ្នកជិតខាងជួយ និងរាយការណ៍ជូនសមត្ថកិច្ច ចេញជួយអន្តរាគមន៍ តែដោយកម្លាំងនៃការឆាប់ឆេះខ្លាំងល្បឿន ពេលរថយន្តពន្លត់អគ្គីភ័យមកដល់ភ្លើងបានឆេះអស់ទៅហើយ។
សមត្ថកិច្ច បាន ឲ្យដឹងថា ក្នុងហេតុការណ៍នេះគឺរថយន្តពន្លត់អគ្គីភ័យបានចេញជួយអន្តរាមគន៍ចំនួន៩គ្រឿង ដោយប្រើប្រាស់បាញ់ពន្លត់ចំនួន៨គ្រឿង និងជៀសវាងរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង បន្ថែមទៀត។ សមត្ថកិច្ច បានបន្តទៀតថា ផលលំបាកនៃការជួយមិនទាន់ពេលគឺផ្ទះប្រភេទឈើប្រក់ស័ង្កសី ឆាប់ឆេះលឿន និងផ្លូវច្រកចូលលំបាកផងដែរ៕
អត្ថបទ ៖ កុម្ភះ




