
ស្របពេលមានរលកកម្ដៅដ៏ខ្លាំងជាប្រវត្តិសាស្ត្រ និងគ្រោះរាំងស្ងួតជាច្រើនខែ រដ្ឋាភិបាលរបស់ប្រទេសម៉ិកស៊ិកបានចាប់ផ្តើមដំណាក់កាលចុងក្រោយនៃគម្រោងបណ្ដុះពពក ដែលខ្លួនសង្ឃឹមថានឹងបង្កើនទឹកភ្លៀងដល់ប្រទេសនេះ។
គម្រោងដែលបានចាប់ផ្តើមនៅក្នុងខែកក្កដា ពាក់ព័ន្ធនឹងយន្តហោះដែលហោះហើរចូលទៅក្នុងពពក ដើម្បីបញ្ចេញភាគល្អិតអ៊ីយ៉ូតប្រាក់ ដែលតាមទ្រឹស្តីនឹងទាក់ទាញដំណក់ទឹកបន្ថែម ព្រមទាំងបង្កើនទឹកភ្លៀង ឬព្រិលធ្លាក់ផងដែរ។
ក្រសួងកសិកម្មដែលបាននិងកំពុងអនុវត្តគម្រោងការបណ្ដុះពពកយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ២០២០មក បាននិយាយថា គម្រោងបណ្ដុះពពកនៅក្នុងប្រទេសម៉ិកស៊ិកកំពុង "ប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃគ្រោះរាំងស្ងួតនៅតំបន់ជនបទ ព្រមទាំងរួមចំណែកដល់ការបំពេញអាងទឹករបស់ប្រទេសនេះផងដែរ" ។
ខណៈពេលដែលរដ្ឋាភិបាលម៉ិកស៊ិកបានអះអាងពីការបណ្ដុះពពកកាលពីឆ្នាំ២០២១ ជំរុញកំណើនទឹកភ្លៀងរហូតដល់ ៤០% លើសពីការព្យាករណ៍ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ការព្យាករណ៍ទឹកភ្លៀងមានបម្រែបម្រួលខ្ពស់ ហើយភស្តុតាងមិនទាក់ទងនឹងកំណើនពពក និងការកើនឡើងនៃកម្រិតទឹកភ្លៀងនោះទេ។
ក្រុមអ្នកវិទ្យាសាស្ត្រម៉ិកស៊ិកបានមើលការខុសត្រូវលើការសិក្សាអំពីការបណ្តុះពពករយៈពេលវែងជាងគេលើពិភពលោកចាប់ពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៧០ ហើយនៅតែបរាជ័យក្នុងការបង្កើតលទ្ធផលសន្និដ្ឋាន៕