
ភ្លើងឆេះព្រៃរីករាលដាលយ៉ាងឆាប់រហ័ស បានបង្ខំឲ្យប្រជាពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជនបទនៅភាគខាងត្បូងស្រុក Klickitat រដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ក្រោយវាបានឆាបឆេះដីព្រៃជាង ១២.១០០ហិចតា ក្នុងរយៈពេលតិចជាង ២៤ម៉ោងប៉ុណ្ណោះ ។
ក្រុមមន្រ្តីជួយសង្រ្គោះបន្ទាន់ស្រុក Klickitat និយាយថា ភ្លើងឆេះព្រៃ Newell Road បានបំផ្លិចបំផ្លាញរចនាសម្ព័ន្ធជាច្រើននៅតំបន់នោះរួចទៅហើយ ហើយវាកំពុងគំរាមកំហែងផងដែរ ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ កសិដ្ឋាន ដំណាំ បសុសត្វ កសិដ្ឋាស្រូបពន្លឺព្រះអាទិត្យ និងខ្យល់ ហើយនិងបំពង់បង្ហូរឧស្ម័នធម្មជាតិ ។
លោក Allen Lebovitz គឺជាអ្នកនាំពាក្យក្រសួងធនធានធម្មជាតិរដ្ឋវ៉ាស៊ីងតោន និយាយក្នុងបទសម្ភាសន៍នៅតំបន់ Bickleton ដែលជាតំបន់សហគមន៍មានមនុស្សរស់នៅ ៨០នាក់ស្ថិតនៅចម្ងាយប្រហែល ១៩០គ.មភាគខាងកើតទីក្រុង Portland រដ្ឋ Oregon ថា ភ្លើងឆេះព្រៃនេះ កំពុងឆាបឆេះឆ្ពោះទៅតំបន់អភិរក្សព្រៃឈើ Yakama Indian ។
លោក Lebovitz និយាយថា វាមានលក្ខណៈភូមិសាស្រ្តដ៏លំបាកបំផុតក្នុងការពន្លត់ភ្លើងឆេះព្រៃ ។ ពួកយើងកំពុងស្ថិតក្នុងការព្រមានកម្រិតពណ៌ក្រហម ។ វាគឺជាពេលវេលាដ៏អាក្រក់បំផុតរបស់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ដោយសារតែ សន្សើមកំពុងធ្លាក់ចុះយ៉ាងខ្លាំង ខ្យល់បក់ខ្លាំង ហើយភ្លើងឆេះព្រៃ បន្តឆាបឆេះយ៉ាងឆាប់រហ័ស ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យមកពីទូទាំងតំបន់ បានព្យាយាមពន្លត់អណ្តាតភ្លើង ដែលកំពុងឆាបឆេះទៅភាគខាងជើងទន្លេ Columbiaដែលជាចំណុចបែងចែកព្រំប្រទល់រដ្ឋវ៉ាស៊ីងតោន និងរដ្ឋ Oregon ។ ក្រុមមន្រ្តី ពុំបាននិយាយថាតើមូលហេតុអ្វីដែលបណ្តាលឲ្យកើតមានភ្លើងឆេះព្រៃនោះទេ ហើយក៏ពុំទាន់មានសេចក្តីរាយការណ៍ពីអ្នករងរបួស ឬស្លាប់នោះដែរ ៕