
ក្រសួងការពារជាតិរុស្ស៊ី និយាយថា យានដ្រូន ២គ្រឿងរបស់អ៊ុយក្រែន បានវាយប្រហារទីក្រុងម៉ូស្គូ នៅព្រឹកទាបភ្លឺថ្ងៃចន្ទនេះ ប៉ុន្តែត្រូវបានបាញ់ស្កាត់ជាប់ និងត្រូវបានបំផ្លាញទាំងស្រុង ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ រាយការណ៍ថា បំណែករបស់យានដ្រូនទាំង ២គ្រឿងនេះ ត្រូវបានរកឃើញនៅចម្ងាយប្រហែល ២គ.ម ពីអគារក្រសួងការពារជាតិរុស្ស៊ី ។
ដោយចាត់ទុកថាវាគឺជាការវាយប្រហារភរវកម្ម ក្រសួងការពារជាតិរុស្ស៊ី និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegram របស់ខ្លួនថា គ្មានគ្រោះថ្នាក់នោះទេនៅក្នុងការវាយប្រហារលើកនេះ។ អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា អគារដែលគ្មានមនុស្សស្នាក់នៅ ២ខ្នង រងការខូចខាត អំឡុងការវាយប្រហារនេះ ដែលបានកើតឡើងកាលពីវេលាម៉ោង៤ព្រឹកទាបភ្លឺ ។
គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេថាតើ យានដ្រូននេះ ធ្លាក់ត្រូវអគារឬយ៉ាងណាទេ ពេលវាត្រូវបានគេបាញ់ទម្លាក់ ឬថាតើវាមានគោលដៅដោយចេតនាលើអគារ ២ខ្នងនេះឬក៏អត់ ។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងក្រសួងការពារជាតិរុស្ស៊ី និងអភិបាលក្រុងម៉ូស្គូ ពុំបាននិយាយពីកន្លែងដែលយានដ្រូនត្រូវបានបាញ់ស្កាត់នោះទេ ។
សារព័ត៌មានរដ្ឋរុស្ស៊ី បានរាយការណ៍ដោយលើកឡើងពីប្រភពសេវាកម្មសង្រ្គោះបន្ទាន់ថា បំណែករបស់យានដ្រូន ត្រូវបានរកឃើញនៅជិតរុក្ខវិថី Komsomolsky ដែលនៅមិនឆ្ងាយប៉ុន្មានពីអគារក្រសួងការពារជាតិ ។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី រាយការណ៍ទៀតថា ការធ្វើចរាចរណ៍ បានបិទនៅលើរុក្ខវិថី Komsomolsky ក៏ដូចជានៅលើរុក្ខវិថី Likhachevស្ថិតនៅភាគខាងត្បូងទីក្រុងម៉ូស្គូ ជាកន្លែងដែលអគារការិយាល័យខ្ពស់មួយខ្នង រងការខូចខាត ។ នៅពុំទាន់មានសចក្តអធិប្បាយភ្លាមៗនោះទេពីទីក្រុងគីវ ហើយអ៊ុយក្រែនស្ទើតែពុំដែលប្រកាសទួលស្គាល់ជាសារធារណៈនោះឡើយ ចំពោះការវាយប្រហារនៅលើទឹកដីរុស្ស៊ី ៕