
ការឃុំខ្លួននគរបាលបារាំងម្នាក់ នៅទីក្រុងម៉ាកសី (Marseille) បានបង្កឲ្យមានភាពចម្រូងចម្រាសជាថ្មីនៅថ្ងៃចន្ទ (ទី២៤ ខែកក្កដា) នេះ ពោលគឺប៉ុន្មានសប្តាហ៍ បន្ទាប់ពីមានកុបកម្មហិង្សា ដោយក្រុមអ្នកប្រកាន់ឆ្វេងស្រែកអំពាវនាវពីមេនគរបាលឲ្យដោះលែងមន្ត្រីនោះ។
ប្រទេសបារាំង ត្រូវបានធ្វើឲ្យរង្គោះរង្គើដោយកុបកម្មជាងមួយសប្តាហ៍ ដែលបានចាប់ផ្តើមកាលពីខែមុន បន្ទាប់ពីមានការសម្លាប់យុវជនម្នាក់ឈ្មោះ Nahel M. វ័យ ១៧ឆ្នាំ ដោយនគរបាលម្នាក់ អំឡុងពេលត្រួតពិនិត្យចរាចរណ៍នៅខាងក្រៅទីក្រុងប៉ារីស។ មន្ត្រីនគរបាលរូបនេះ ត្រូវបានចោទប្រកាន់ និងដាក់ពន្ធនាគារ មុនមានការកាត់ទោស។
ដោយឡែកក្នុងហេតុការណ៍នៅទីក្រុងម៉ាកសី (Marseille) បុរសម្នាក់ឈ្មោះ Hedi វ័យ ២១ឆ្នាំ និយាយថា រូបគេត្រូវបានវាយដំដោយបុរស ៤ ឬ៥នាក់ ដែលរូបគេបានកំណត់ថា ជានគរបាល អំឡុងពេលមានចលាចល នៅក្នុងទីក្រុង ជុំវិញការស្លាប់របស់យុវជន Nahel M. កាលពីដើមខែនេះ។
នគរបាល ៤នាក់ ត្រូវបានចោទប្រកាន់កាលពីសប្តាហ៍មុន ជុំវិញឧបទ្ទវហេតុនេះ ដោយម្នាក់ក្នុងចំណោមនោះ ត្រូវឃុំខ្លួននៅមុនមានការកាត់ទោស។ យោងតាមប្រភពសហជីព ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មន្ត្រីនគរបាលនៅក្រុងម៉ាកសី (Marseille) ជាច្រើនរយនាក់ បានសុំឈប់សម្រាកដោយសារសុខភាព ជាសញ្ញាបង្ហាញការតវ៉ា ជុំវិញការឃុំខ្លួនមន្ត្រីនេះ។
អ្នកផ្សេងទៀតបានឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គភាពនគរបាល SGP ហើយដាក់ខ្លួនពួកគេ នៅក្រោមអ្វីដែលគេហៅថា «លេខកូដ៥៦២» ដែលមានន័យថា ពួកគេឆ្លើយតបតែចំពោះបេសកកម្មបន្ទាន់ និងចាំបាច់ប៉ុណ្ណោះ។
មេដឹកនាំគណបក្សប្រកាន់ឆ្វេងយ៉ាងតឹងរ៉ឹង LFI លោក Jean-Luc Melenchon បាននិយាយថា មេដឹកនាំបារាំង ពុំបានអំពាវនាវឲ្យនគរបាលគោរពច្បាប់ តែផ្ទុយទៅវិញបានផ្តល់ភ្លើងខៀវ (អនុញ្ញាត) ឲ្យនគរបាលបង្កើតសង្គ្រាម៕