
អាជ្ញាធរឥណ្ឌូនេស៊ី បានឲ្យដឹង នៅថ្ងៃចន្ទ (ទី២៤ ខែកក្កដា) នេះ ថា ចំនួនតំបន់ដែលអាចមានចំហេះព្រៃកើតឡើង បានកើនឡើងទ្វេដង ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដោយសារអាកាសធាតុក្ដៅ ហើយស្ងួត ដែលនាំឲ្យមានការបារម្ភកាន់តែខ្លាំងអំពីចំហេះព្រៃ ដែលរីករាលដាល សូម្បីនៅមុនពេលប្រទេសនេះឈានដល់រដូវប្រាំង ដែលក្ដៅខ្លាំងបំផុតក៏ដោយ។
បើយោងតាមទិន្នន័យពីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី (BNPB) បានឲ្យដឹងថា តួលេខនៃ «ទីតាំងឡើងកម្ដៅ» ដែលត្រូវបានកត់ត្រា នៅចន្លោះថ្ងៃទី១៧ ខែកក្កដា និងទី២៣ ខែកក្កដា បានឡើងពី ៦.០៨២កន្លែង ដល់ ១២.៧០១កន្លែង នៅដើមសប្តាហ៍មុន។
អ្នកនាំពាក្យ BNPB លោក Abdul Muhari បាននិយាយថា ការឡើងកម្ដៅភាគច្រើន ត្រូវបានប្រទះឃើញនៅតំបន់ Kalimantan ដែលជាផ្នែកនៃកោះ Borneo របស់ឥណ្ឌូនេស៊ី ក៏ដូចជានៅកោះ Java និង Papua ផងដែរ។ លោកក៏បានគូសបញ្ជាក់ដែរថា ប្រទេសឥណ្ឌូនេស៊ីនៅមិនទាន់ឈានដល់កម្ដៅកម្រិតខ្ពស់បំផុតនៃរដូវប្រាំងរបស់ខ្លួននៅឡើយទេ ដែលរំពឹងថា នឹងកើតមាននៅចន្លោះខែសីហា ដល់ដើមខែកញ្ញា។
ទីភ្នាក់ងារអាកាសធាតុរបស់ឥណ្ឌូនេស៊ី បាននិយាយថា នេះគឺជាឆ្នាំដែលរំពឹងថា ប្រទេសនេះនឹងកើតមាននូវរដូវប្រាំងក្ដៅខ្លាំងបំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៩ មក ដែលមួយផ្នែកដោយសារតែការវិលត្រឡប់មកវិញនៃលំនាំអាកាសធាតុ El Niño។
យោងតាមធនាគារពិភពលោក បានឲ្យដឹងថា អគ្គិភ័យ ឆ្នាំ២០១៩ បានបណ្តាលឲ្យមានការខាតបង់សេដ្ឋកិច្ចប្រហែល ៥,២ពាន់លានដុល្លារអាមេរិក នៅក្នុងខេត្តចំនួន៨ របស់ឥណ្ឌូនេស៊ី៕