អាមេរិក៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានប្តឹងរដ្ឋតិចសាស់ ជុំវិញរបាំងបណ្តែតទឹក ដែលដំឡើងដោយរដ្ឋនេះ នៅលើដងទន្លេ Rio Grande ដើម្បីរារាំងជនអន្តោប្រវេសន៍ដែលឆ្លងកាត់មកពីប្រទេសម៉ិកស៊ិក។
អាជ្ញាធររដ្ឋតិចសាស់ បានចាប់ផ្តើមដំឡើងខ្សែពោងបណ្តែតទឹក នៅកណ្តាលទន្លេ នៅជិតទីក្រុង Eagle Pass រដ្ឋតិចសាស់កាលពីចុងសប្តាហ៍ជាផ្នែកនៃគំនិតផ្តួចផ្តើមរបស់អភិបាលរដ្ឋនេះ លោក Greg Abbott អភិបាលរដ្ឋគណបក្សសាធារណៈរដ្ឋ នៅរដ្ឋតិចសាស់ ដែលបង្កើតជាប្រតិបត្តិការដាច់តែឯង ដើម្បីរារាំងជនអន្តោប្រវេសន៍។
យោងតាមបណ្តឹងនៅតុលាការបានឲ្យដឹងថា ពាក្យបណ្តឹងដែលត្រូវបានដាក់ទៅកាន់តុលាការតំបន់ក្នុងសហរដ្ឋអាមេរិក នៅតំបន់ភាគខាងលិចរដ្ឋតិចសាស់ ព្យាយាមដកចេញរចនាសម្ព័ន្ធនិងការររាំង រួមទាំងរបាំងបណ្តែតទឹក និងហេដ្ឋារចាសម្ព័ន្ធទាក់ទងទៅនឹងរបាំងបណ្តែតទឹក នៅលើទន្លេ Rio Grande ។
ក្នុងប៉ុន្មានខែថ្មីៗនេះ កងកម្លាំងឆ្មាំជាតិ បានពង្រាយខ្សែបន្លាលួស ដើម្បីរារាំងជនអន្តោប្រវេសន៍មិនឲ្យឆ្លងកាត់ទន្លេ Rio Grande ។
ចំនួនជនអន្តោប្រវេសន៍ដែលចាប់បានឆ្លងកាត់នៅព្រំដែនម៉ិកស៊ិក-អាមេរិក ដោយខុសច្បាប់ បានធ្លាក់ចុះ ចាប់តាំងពីលោក Biden បានអនុវត្តគោលនយោបាយសុំសិទ្ធិជ្រកកោនថ្មី ដែលមានការរឹតត្បិត កាលពីខែឧសភា។ ទោះជាយ៉ាងណា មនុស្ស១សែននាក់ ត្រូវបានឃុំខ្លួន កាលពីខែមិថុនា៕

