កូរ៉េខាងជើង៖ កូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីក២គ្រាប់ចូលសមុទ្រក្បែរតំបន់ឆ្នេរសមុទ្ររបស់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ ប៉ុន្មានម៉ោង បន្ទាប់ពីនាវាមុជទឹកបំពាក់ដោយនុយក្លេអ៊ែររបស់អាមេរិក បានទៅដល់មូលដ្ឋានអង្គភាពកងទ័ពជើងទឹកក្នុងប្រទេសកូរ៉េខាងត្បូង។

កូរ៉េខាងជើង បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លា ដោយនិយាយថាការដាក់ពង្រាយនាវានេះ អាចជួបប្រទះការឆ្លើយតបយ៉ាងធ្ងន់ធ្ងរដោយការប្រើអាវុធនុយក្លេអ៊ែររបស់ខ្លួន។
នាយសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា ក្នុងការបាញ់លើកទី៣ ចាប់តាំងពីសប្ដាហ៍មុន កូរ៉េខាងជើង បានបាញ់មីស៊ីលជាបន្តបន្ទាប់កាលពីយប់ថ្ងៃចន្ទ ពីម៉ោង១១និង៥៥នាទីយប់ រហូតដល់យប់ជ្រៅ ពីតំបន់មួយជិតរដ្ឋធានី ព្យុងយ៉ាង របស់ខ្លួន។
ប្រភពខាងលើនិយាយថា មីស៊ីលទាំង២គ្រាប់បានហោះជាង៤០០គីឡូម៉ែត្រ មុនពេលធ្លាក់ក្នុងដែនទឹកក្បែរឆ្នេរភាគខាងកើតរបស់ឧបទ្វីបកូរ៉េ ។
ក្រសួងការពារជាតិជប៉ុនក៏បានរាយការណ៍ផងដែរពីការបាញ់នេះជាអ្វីដែលខ្លួននិយាយថាជាមីស៊ីលបាលីស្ទីកចំនួន២គ្រាប់ដែលបាញ់ដោយកូរ៉េខាងជើង ហើយមីស៊ីលទាំង២គ្រាប់នោះ បានធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។
យោធាកូរ៉េខាងត្បូង បានហៅការបាញ់មីស៊ីលរបស់កូរ៉េខាងជើងថាជាការបង្ករឿងដ៏ធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់ស្ថិរភាពនិងសន្តិភាពក្នុងតំបន់។
នៅថ្ងៃអង្គារទី២៥កក្កដានេះដែរ លោកនាយករដ្ឋមន្ត្រី ជប៉ុន ហ្វូមីអូ គីហ្ស៊ីដា (Fumio Kishida ) បានថ្កោលទោសទង្វើនេះ ៕
