ប៉ាគីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Geo news បានរាយការណ៍ កាលពីថ្ងៃចន្ទ (ទី២៤ ខែកក្កដា) ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសប៉ាគីស្ថាន បានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដោយការសម្រេចចុងក្រោយបង្អស់នេះ នឹងធ្វើឲ្យអ្នកនយោបាយក្លាយពីកីឡាករគ្រិកឃីតរូបនេះប្រឈមនឹងឧបសគ្គផ្លូវច្បាប់ជាបន្តបន្ទាប់។
លោក Khan ត្រូវបានចាប់ខ្លួនកាលពីខែឧសភា ដោយអាជ្ញាធរប៉ាគីស្ថាន ពាក់ព័ន្ធនឹងករណីពុករលួយ ដែលការចាប់ខ្លួននោះ បានបង្កឲ្យមានចលាចលដែលបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិត នៅទូទាំងប្រទេស។ រូបលោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្នុងរង្វង់ប៉ុន្មានថ្ងៃ។
ភ្លាមៗ គេមិនទាន់ដឹងច្បាស់ទេថា តើការចោទប្រកាន់អ្វីទាក់ទងនឹងបញ្ជារបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ហើយថា តើនគរបាលនឹងចាត់ការតាមដីកា ឬយ៉ាងណា។ លោក Khan បានប្រឈមនឹងការចោទប្រកាន់ជាច្រើនករណីនៅក្នុងស្ថាប័នផ្សេងៗគ្នា និងតុលាការ គិតចាប់តាំងពីលោកត្រូវបានទម្លាក់ចេញពីអំណាច ដោយក្នុងនោះរួមទាំងបទចោទប្រកាន់អំពើពុករលួយ ឃាតកម្ម និងការបង្កចលចលផងដែរ។ ពាក់ព័ន្ធនឹងប្រភពដែលដឹងពីករណីនេះ ប្រព័ន្ធផ្សព្វផ្សាយ Geo News មិនបានបង្ហាញអត្តសញ្ញាណឲ្យដឹងនោះឡើយ។
ករណីចុងក្រោយបំផុតនេះ បានកើតឡើងកាលពីសប្តាហ៍មុន នៅពេលដែលរដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន បាននិយាយថា រដ្ឋាភិបាលនឹងបើកដំណើរការនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងលោក Khan លើការចោទប្រកាន់ពីបទលាតត្រដាងអាថ៌កំបាំងផ្លូវការ ទាក់ទងនឹងការឆ្លើយឆ្លងការទូត រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអ៊ីស្លាម៉ាបាដ៕


