បាល់ទាត់៖ ក្លិបកីឡាដែលមានតម្លៃថ្លៃបំផុតឆ្នាំ២០២១ ដែលចុះផ្សាយដោយទស្សនាវដ្តី Forbes បានបញ្ចេញនៅថ្ងៃអង្គារម្សិលមិញ ដោយមិនមានវត្តមានក្លិបបិសាចក្រហម Manchester United ឡើយនៅលំដាប់កំពូលទាំង ១០។ Manchester United ឆ្នាំ២០២១ នេះបានធ្លាក់ទៅដល់លេខ ១១ ដែលមានតម្លៃ ៤.២ពាន់លានដុល្លារ។
ក្រៅពីនោះក្នុងចំណោមក្លិបបាល់ទាត់មានក្នុងលំដាប់កំពូលទាំង ១០ ចំនួន ៣ រួមមាន Barcelona លេខ ៤, Real Madrid លេខ ៥ និង Bayern Munich លេខ ១០។ Barcelona ទោះប្រឈមនឹងវិបត្តិ Covid-19 ដូចនឹងក្លិបដទៃទៀតដែរ តែបានហក់ឡើង ៤ ចំណាត់ថ្នាក់ពីលេខ ៨ ឆ្នាំមុនមកឈរលេខ ៤ ឆ្នាំនេះមានតម្លៃ ៤.៧៦ពាន់លានដុល្លារ ខណៈលេខ ៥ Real Madrid មានតម្លៃ ៤.៧៥ពាន់លានដុល្លារ ឯ Bayern Munich លេខ ១០ មានតម្លៃ ៤.២១ពាន់លានដុល្លារ។ ក្រៅពីក្លិបបាល់ទាត់នៅលំដាប់កំពូលទាំង ១០ សុទ្ធតែជាក្លិបកីឡានៅអាមេរិកដែលលេខ ១ គឺក្លិបបាល់ឱប Dallas Cowboys នៅក្របខណ្ឌ NFL មានតម្លៃ ៥.៧ពាន់លានដុល្លារ, លេខ ២ ក្លិបបេស្បលអាមេរិក New York Yankees, លេខ ៣ ក្លិបបាល់បោះ NBA, New York Knicks, លេខ ៦ ក៏ជាក្លិបបាល់បោះ NBA ដែរ Golden State Warriors, លេខ ៧ ក្លិបបាល់បោះ Los Angeles Lakers, លេខ ៨ ក្លិបបាល់ឱប New England Patriots និងលេខ ៩ ក៏ជាក្លិបបាល់ឱបដែរ New York Giants។
ដោយឡែករាប់ពីលេខ ១១ Manchester United មកសុទ្ធតែជាក្លិបបាល់ទាត់បន្តបន្ទាប់ដោយ Liverpool លេខ ១២, Manchester City លេខ ១៣, Chelsea លេខ ២៥ , Arsenal លេខ ៣៨និង Paris Saint Germain លេខ ៤៣៕
អត្ថបទ៖នាង សុភាវុធ