តៃវ៉ាន់៖ កោះតៃវ៉ាន់ បានលុបចោលផ្នែកខ្លះនៃសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃអង្គារ (ទី២៥ កក្កដា)នេះ ខណៈដែលអាជ្ញាធរបង្កើនការត្រៀមលក្ខណៈសម្រាប់អ្វីដែលពួកគេនិយាយថា អាចជាខ្យល់ព្យុះទីហ្វុងដ៏អាក្រក់បំផុត ដែលបានវាយប្រហារកោះនេះ ក្នុងរយៈពេលជិត៤ឆ្នាំ។

ព្យុះទីហ្វុង គឺជារឿងធម្មតា នៅពេលនេះនៃឆ្នាំនេះ នៅជិតកោះតៃវ៉ាន់ ប៉ុន្តែកោះត្រូពិចនេះ មិនត្រូវបានវាយប្រហារដោយផ្ទាល់ដោយព្យុះទីហ្វុង ចាប់តាំងពីឆ្នាំ២០១៩ ដែលជំរុញឲ្យក្រុមមន្ត្រីមានការប្រុងប្រយ័ត្នខ្ពស់។
ក្រុមមន្ត្រីអាកាសធាតុ បាននិយាយថា ព្យុះទីហ្វុងDoksuri ដែលត្រូវបានចាត់ថ្នាក់ជាព្យុះទីហ្វុងកម្លាំងខ្លាំង ប្រភេទទី៤ក្នុងមាត្រដ្ឋានពី១ដល់៥នៃហានិភ័យនៃព្យុះត្រូពិច ត្រូវបានគេរំពឹងថា នឹងធ្វើបោកបក់ចូលផ្លូវទឹក Bashi Channel ដែលខណ្ឌចែកកោះតៃវ៉ាន់ និងហ្វីលីពីនក្នុងទិសដៅភាគពាយព្យឈៀងខាងលិច ហើយខិតទៅជិតដែនទឹកនៃឆ្នេរសមុទ្រភាគខាងត្បូងរបស់កោះនេះ មុនពេលបោកបក់ចូលដល់ដីគោកនៅក្នុងប្រទេសចិនភាគខាងត្បូង។
ក្រសួងការពារជាតិរបស់តៃវ៉ាន់ បានលុបចោលផ្នែកខ្លះនៃសមយុទ្ធ Han Kuang ប្រចាំឆ្នាំដ៏សំខាន់ដែលគ្រោងធ្វើនៅថ្ងៃអង្គារ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពនិងតម្រូវការក្នុងការរៀបចំសម្រាប់ព្យុះនាពេលខាងមុខ។
ការិយាល័យអាកាសធាតុរបស់កោះតៃវ៉ាន់ បានចេញការព្រមានតាមសមុទ្រ ហើយបាននិយាយថា ខ្លួននឹងចេញការព្រមាននៅលើដីគោកសម្រាប់តំបន់ភាគខាងត្បូងរបស់ខ្លួននៅល្ងាចថ្ងៃអង្គារ ដោយជំរុញឲ្យប្រជាជននៅទីនោះ ត្រៀមខ្លួនសម្រាប់ពេលភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង។
