ភ្នំពេញ៖ បណ្តាអង្គការសង្គមស៊ីវិលដែលបានធ្វើសកម្មភាពសង្កេតការណ៍ ឃ្លាំមើលការបោះឆ្នោត បានប្រកាសគាំទ្រលទ្ធផលការងារបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដានេះ ខណៈនៅក្នុងដំណើរការបោះឆ្នោតនោះ គ្រប់ភ្នាក់ងារសង្កេតការណ៍សង្គមស៊ីវិល បានពិនិត្យឃើញថា គ.ជ.ប រៀបចំបានត្រឹមត្រូវ សេរី យុត្តិធម៌ ស្របតាមការចង់បានរបស់ពលរដ្ឋ។
បើតាម លោក សាខុន ប៉ូរិន អគ្គលេខាធិការរងសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា ឬហៅថា ក្រុមកែវភ្នែកយុត្តិធម៌ បានថ្លែងប្រាប់BTV នៅថ្ងៃទី២៥ ខែកក្កដានេះ ថា នៅក្នុងដំណើរការបោះឆ្នោតជាតិនេះ ក្រុមកែវភ្នែកយុត្តិធម៌ បានដាក់ពង្រាយអ្នកសង្កេតការណ៍បោះឆ្នោតរបស់ខ្លួនជិត ២៥០០នាក់ នៅតាមការិយាល័យបោះឆ្នោត ដើម្បីធ្វើសកម្មភាពតាមដានមុនពេលបោះឆ្នោត ពេលបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល ហើយគ្រប់ភ្នាក់សង្កេតការណ៍ទាំងអស់រាយការណ៍ថា នៅគ្រប់ដំណាក់កាលការបោះឆ្នោតនោះមានដំណើរការរលូនល្អប្រសើរ ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ហើយពលរដ្ឋសំរុកទៅបោះឆ្នោតនៅពេលព្រឹកក្នុងទឹកមុខសប្បាយរីករាយ ។
បើតាមលោក ទុំប៉ែន នរៈវិទូ ប្រធានសមាគមបណ្តាញអង្គការសង្គមស៊ីវិលកម្ពុជា ដែលមានបណ្តាញរបស់ខ្លួន ចំនួន១៦៨អង្គការសមាគម បានធ្វើសកម្មភាពចុះតាមដានសង្កេតការណ៍បោះឆ្នោត ក៏បានរាយការណ៍ពីភាពត្រឹមត្រូវ និងបានប្រកាសគាំទ្រលទ្ធផលការងាររៀបចំការបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយថា ការរៀបចំដំណើរការបោះឆ្នោតនោះ គឺធ្វើឡើងស្របតាមឆន្ទៈរបស់ពលរដ្ឋ ដែលជាម្ចាស់សំលេងឆ្នោត។
សូមបញ្ជាក់ថា នៅក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ គ.ជ.ប បានទទួលការសុំសិទ្ធអនុញ្ញាតចូលរួមសង្កេតការណ៍បោះឆ្នោត មកពីខាងអង្គការសង្គមស៊ីវិលក្នុងស្រុក ចំនួន ១៣៤អង្គការសមាគម ដែលមានអ្នកសង្កេតការណ៍ជាតិប្រមាណជិត៩ម៉ឺននាក់ បានចូលរួមដាក់ក្រុមការងារខ្លួនពង្រាយតាមការិយាល័យបោះឆ្នោតចំនួនជាង២ម៉ឺនការិយាល័យបោះឆ្នោត និងមានការចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនរយនាក់ផងដែរ៕ អត្ថបទ ស៊ុម សុខជា