ថៃ៖ ការបោះឆ្នោតនាយករដ្ឋមន្រ្ដីបន្ទាប់ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដាសប្ដាហ៍នេះ អាចនឹងត្រូវបានគេពន្យារពេល បន្ទាប់ពី មន្ត្រីទទួលពាក្យបណ្តឹងពលរដ្ឋរបស់ប្រទេសថៃ(Ombudsman) បានសម្រេចថា ការបោះឆ្នោតគួរតែត្រូវបានផ្អាកដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញលើការបដិសេធការតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីរបស់មេដឹកនាំគណបក្ស បោះជំហានទៅមុខ Move Forward លោក Pita Limjaroenrat។

មន្ត្រីទទួលពាក្យបណ្តឹងពលរដ្ឋ កាលពីថ្ងៃច័ន្ទបានស្នើតុលាការធម្មនុញ្ញបញ្ជាឲ្យសភាពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រីបន្ទាប់ និងការសម្រេចលើការតែងតាំងសមាសភាពជាថ្មីរបស់លោក Pita ដែលត្រូវបានច្រានចោល។
លោក គៀរ៉ុប គ្រីធៀរ៉ាណុន្ទ (Keerop Kritteeranont) អគ្គលេខាធិការនៃការិយាល័យទទួលពាក្យបណ្តឹងពលរដ្ឋរបស់ប្រទេសថៃ បាននិយាយថា ពាក្យបណ្តឹងចំនួន ១៧ ត្រូវបានប្តឹងជំទាស់នឹងការសម្រេចរបស់សភា ដែលមិនព្រមតែងតាំងលោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រីជាថ្មី និងបានប្រកាសថា ជាការរំលោភសិទ្ធិរដ្ឋធម្មនុញ្ញរបស់ខ្លួន។
លោកបាននិយាយថា បណ្ដឹងទាំងនេះត្រូវបញ្ជូនពីសមាជិកសាធារណៈផង ពីសមាជិកសភាផង ដោយ អ្នកដាក់ពាក្យបណ្ដឹងមួយចំនួន ស្នើឲ្យតុលាការពន្យារពេលបោះឆ្នោតសភាបន្ទាប់ សម្រាប់ការជ្រើសរើស នាយករដ្ឋមន្ត្រី ដោយរង់ចាំការសម្រេចរបស់តុលាការ៕
