អាមេរិក៖ អ្នកនាំពាក្យម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា មន្ត្រីជាន់ខ្ពស់នៃក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការសម្រួលដល់ការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ី ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកេនយ៉ា និងសូម៉ាលី ហើយសង្កត់ធ្ងន់ថា ការចាកចេញរបស់ទីក្រុងម៉ូស្គូពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ នឹងធ្វើឲ្យប៉ះពាល់ដល់រដ្ឋជាច្រើនរបស់អាហ្វ្រិក។
ដំណើរទស្សនកិច្ចក្នុងសប្តាហ៍នេះរបស់លោក Brian Nelson អនុរដ្ឋមន្ត្រីរតនាគារទទួលបន្ទុកស៊ើបអង្កេតភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បានកើតឡើង នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន រៀបចំធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអាហ្វ្រិកនៅទីក្រុង St. Petersburg នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ហើយសន្យាផ្តល់ឲ្យពួកគេនូវគ្រាប់ធញ្ញជាតិ រុស្ស៊ីដោយគិតថ្លៃ «ដើម្បីជំនួសគ្រាប់ធញ្ញជាតិអ៊ុយក្រែន» ។
អ្នកនាំពាក្យក្រសួងរតនាគារ បានបន្ថែមពីលើការដំណើររបស់លោក Nelson ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Reutersថា គាត់នឹងបញ្ជាក់ពីការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលតែងតែអនុញ្ញាតឲ្យមានការបន្តលំហូរនៃប្រតិបត្តិការម្ហូបអាហារ និងកសិកម្ម»៕

