កីឡាការិនីប្រណាំងកង់អាល្លឺម៉ង់ Liane Lippert បានប្រជែងឈ្នះដំណាក់កាលទី ២ នៃព្រឹត្តិការណ៍ប្រណាំងកង់ផ្នែកនារី Tour de France តែកីឡាការិនីប៊ែលហ្ស៊ិក Lotte Kopecky បន្តនាំមុខរួម។
ដំណាក់កាលទី ២ ដែលមានចំងាយផ្លូវ ១៤៨ គីឡូម៉ែត្រ កីឡាការិនីរបស់ក្រុម Movistar, Liane Lippert បាន មកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ១៣ នាទី ៤៣ វិនាទី តាមពីក្រោយដោយ Lotte Kepecky និងកីឡាការិនីអ៊ីតាលី Silvia Perisco ដោយស្ថិតក្នុងថេរវេលាដូចគ្នា។

តាមរយៈការបញ្ចប់ទីព្រ័ត្រក្នុងថេរវេលាដូចគ្នានេះ កីឡាការិនីប៊ែលហ្ស៊ិក Lotte Kopecky របស់ក្រុម SD Worx បន្តនាំមុខគេក្នុងតារាងរួមមានវេលាចំណេញ ៤៩ វិនាទីពីលើ Liane Lippert ខណៈលេខ ៣ គឺកីឡាការិនីអាហ្វ្រិកខាងត្បូង Ashleigh Moolman យឺតជាង ៥៩ វិនាទី។
សម្រាប់ដំណាក់កាលទី ៣ ថ្ងៃអង្គារនេះមានចំងាយផ្លូវ ១៤៧ គីឡូម៉ែត្រ៕ អត្ថបទ៖នាង សុភាវុធ