អតីតខ្សែប្រយុទ្ធអង់គ្លេស Trevor Francis ដែលមានតម្លៃផ្ទេរ ១ លានផោនដំបូងគេបង្អស់ បានទទួលមរណភាព ហើយនៅក្នុងវ័យ ៦៩ឆ្នាំ ដោយសារគាំងបេះដូង នេះបើតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់លោក។
លោក Francis បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងរបស់ខ្លួននៅ Birmingham City នៅឆ្នាំ ១៩៧០ មុនពេល បន្តអាជីពនៅក្លិបមួយចំនួនទៀតដូចជា Nottingham Forest, Manchester City និង Sheffield Wednesday ជាដើម។
ឈ្មោះរបស់លោក Trevor Francis ត្រូវបានចុះនៅលើទំព័រព្រោងព្រៀងនៅពេលផ្លាស់ Nottingham Forest ទិញពី Birmingham City នៅឆ្នាំ ១៩៧៩ ក្នុងតម្លៃផ្ទេរ ១ លានផោន និងបានស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះតែម្តងនៅវគ្គផ្តាច់ព្រ័ត្រឱ្យ Nottingham Forest លើកពាន European Cup (UEFA Champions League បច្ចុប្បន្ន)។

លោក Trevor Francis ធ្លាប់ឈ្នះពាន European Cup ជាមួយ Nottingham Forest ២ ឆ្នាំជាប់គ្នា ១៩៧៩ និង ១៩៨០ ក៏ដូចជាឈ្នះពាន Coppa Italia ជាមួយ Sampdoria ផងដែរនៅឆ្នាំ១៩៨៥។
Francis ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេស ៥២ លើករកបាន ១២ គ្រាប់ពីឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៨៦។
ក្រោយពីចូលនិវត្តន៍ពីអាជីពកីឡាករ Trevor Francis ធ្លាប់ដឹកនាំ Queens Park Rangers, Sheffield Wednesday, Birmingham និង Crystal Palace៕ អត្ថបទ៖នាង សុភាវុធ
