អ៊ុយក្រែន៖ ចលនាគាំទ្រក្រុមប្រដាប់អាវុធ Atesh បានរាយការណ៍នៅលើ Telegram កាលពីថ្ងៃទី២៤ ខែកក្កដាថា យោធារុស្ស៊ី ត្រូវបានគេសង្កេតឃើញថា បានផ្លាស់ប្តូរទីតាំងគ្រឿងយុទ្ធោករណ៍ទៅកាន់តំបន់គ្រីម៉េដែលកាន់កាប់ជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការដ៏ជោគជ័យនាពេលថ្មីៗនេះរបស់កងកម្លាំងការពារអ៊ុយក្រែនប្រឆាំងនឹងអ្នកកាន់កាប់នៅទីក្រុងមេលីតូប៉ូល(Melitopol)។

ក្រុមភ្នាក់ងារ Atesh បានរាយការណ៍ពីចលនានៃរថយន្តយោធា ត្រាក់ទ័រ និងឧបករណ៍ផ្សេងទៀត ពីទីក្រុងមេលីតូប៉ូល ទៅកាន់តំបន់គ្រីម៉េ។ ជនជាតិរុស្ស៊ី កំពុងបន្តផ្គត់ផ្គង់កងទ័ពរបស់ពួកគេនៅខ្សែត្រៀមជួរ មុខ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រដាប់អាវុធ បានកត់សម្គាល់ថា កម្រិតនៃការគាំទ្រនេះ ប្រហែលជាមិនមាននិរន្តរភាពយូរទេ។
កាលពីថ្ងៃទី៩ ខែកក្កដា អភិបាលក្រុងមេលីតូប៉ូល លោក Ivan Fedorov បានរាយការណ៍ពីការផ្ទុះដ៏ខ្លាំងក្លាមួយនៅភាគខាងជើងនៃទីក្រុងគ្រប់គ្រងនេះ ដោយបង្ហាញថា មូលដ្ឋានយោធារុស្ស៊ីទំនងជាត្រូវបានកំណត់ជាគោលដៅ។
ក្រោយមក លោកFedorov បាននិយាយថា ប្រទេសឈ្លានពានគឺរុស្ស៊ី កំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងទឹកដីកាន់កាប់បណ្តោះអាសន្ននៃតំបន់ Zaporizhzhya ដើម្បីរក្សាច្រករបៀងដីគោកមួយទៅតំបន់គ្រីម៉េរបស់អ៊ុយក្រែន៕
