ចិន៖ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន លោក Wang Yi និងលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Nikolai Patrushev បានជួបគ្នានៅក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចទើបលូតលាស់ឬក្រុមប្រទេស BRICS នៅប្រទេសអាហ្វ្រិកខាងត្បូង។ អំឡុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ ក្នុងទីក្រុង Johannesburg លោក Wang បានប្រាប់លោក Patrushev ដែលជាមនុស្សជំនិតជិតបំផុតរបស់ប្រធានាធិបតីលោក Vladimir Putin ថា ប្រទេសចិន មានបំណងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយប្រទេសរុស្ស៊ី។
លោក Wang បង្ហើបថា ប្រទេសចិនព្យាយាមបង្កើតសណ្តាប់ធ្នាប់អន្តរជាតិពហុប៉ូល ដើម្បីប្រយុទ្ធប្រឆាំងជាមួយបណ្តាប្រទេសលោកខាងលិច។
លោកនិយាយថា ប្រទេសចិន មានឆន្ទះធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី និងក្រុមប្រទេសBRICS ដ៏ទៃទៀត ដើម្បីការពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍។
ជាក់ស្តែង ក្នុងស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នាចិន-អាមេរិក លោក Patrushev និយាយថារុស្ស៊ីនិងចិន ប្រឆាំងនឹងផ្នត់គំនិតសង្គ្រាមត្រជាក់ ដែលធ្វើឲ្យមានភាពតានតឹងស្ថានភាពក្នុងតំបន់និងអន្តរជាតិ។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ជំនួបនេះបង្កើតបានជាឱកាសមួយសម្រាប់ប្រទេសចិន និងរុស្ស៊ី ដើម្បីបញ្ជាក់ឡើងវិញថា ពួកគេប្តេជ្ជាចិត្តធ្វើការរួមគ្នា និងបង្ហាញពីសារៈសំខាន់នៃក្របខណ្ឌប្រទេស BRICS ខណៈពួកគេប្រឈមមុខជាមួយសហរដ្ឋអាមេរិក៕

