អាមេរិក៖ ស្លាក ដែលគេស្គាល់ជាទូទៅរបស់បណ្ដាញសង្គម Twitter ចាប់ផ្តើមទម្លាក់ចុះហើយ នៅឯទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី២៤ ខែកក្កដា) ដែលការទម្លាក់ចុះនេះ គឺជាផ្នែកនៃការប្តូរស្លាកសញ្ញាពាណិជ្ជកម្មថ្មី។
បន្ទាប់ពីប្រើប្រាស់រយៈពេល ១៧ឆ្នាំជាមួយនឹងនិមិត្តសញ្ញាបក្សីពណ៌ខៀវ ដែលតំណាងឲ្យការផ្សព្វផ្សាយគំនិតទៅកាន់ពិភពលោក មហាសេដ្ឋីលោក Elon Musk បានសម្រេចប្តូរឈ្មោះពីអក្សរ Twitter ជាអក្សរ X វិញ ហើយបានបង្ហាញឡូហ្គោថ្មី ដែលផ្ដោតការយកចិត្តទុកដាក់លើការបង្កើត «កម្មវិធីគ្រប់ប្រភេទ»។
ចាប់តាំងពីចូលមកគ្រប់គ្រងក្រុមហ៊ុនបណ្ដាញសង្គម Twitter ក្នុងខែតុលា លោក Musk បាននិយាយថា លោកស្រមៃដល់ការបង្កើតកម្មវិធីមួយ ដែលអាចផ្តល់សេវាកម្មជាច្រើនដល់អ្នកប្រើប្រាស់លើសពីបណ្ដាញទំនាក់ទំនងសង្គម ដូចជាការបង់ប្រាក់តាមប្រព័ន្ធកុំព្យូទ័រជាដើម ពោលគឺជាគំនិតមួយ ដែលឆ្លុះបញ្ចាំងពីបណ្ដាញសង្គម WeChat ដ៏ពេញនិយម នៅប្រទេសចិន។
តែយ៉ាងណាក្ដី ចាប់តាំងពីមានការកាន់កាប់របស់លោក Musk ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ បានប្រឈមនឹងពេលវេលាច្របូកច្របល់មិនចេះចប់ ដោយមានការបញ្ឈប់បុគ្គលិក ការធ្លាក់ចុះយ៉ាងខ្លាំងនៃអ្នកផ្សាយពាណិជ្ជកម្ម និងការកើនឡើងយ៉ាងឆាប់រហ័សនៃប្រើប្រាស់កម្មវិធីថ្មី Threads ដែលជាការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពរបស់ក្រុមហ៊ុន Meta ចំពោះក្រុមហ៊ុន Twitter៕



