ភ្នំពេញ ៖ នៅត្រឹមដំណាច់ខែឧសភា ឆ្នាំ ២០២១ នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំង ១ លាន ១ សែនដូស ពីរដ្ឋាភិបាលអាមេរិក តាមរយៈយន្តការកូវ៉ាក់ ។ នេះបើតាមការលើកឡើងរបស់លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ក្នុងពេលដែលលោកជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ១៧ខែឧសភា ឆ្នាំ ២០២១។
ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានស្រង់ប្រសាសន៍លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដែល បានលើកឡើងថា សហរដ្ឋអាមេរិកគឺជាដៃគូរឹងមាំជាប់ លាប់មួយរបស់ប្រទេសកម្ពុជា នៅក្នុងអំឡុងពេលនៃការរាតត្បាតជាសាកលនៃមេរោគ ដោយបានផ្ដល់ថវិកាជាង ១១ លានដុល្លារ ជាជំនួយផ្តល់ឲ្យដោយផ្ទាល់ ទាក់ទងនឹងជំងឺកូវីដ១៩ និងជំនួយបច្ចេកទេសមួយចំនួនទៀត ។ បន្ថែមលើនេះ លោកថា អាមេរិកក៏បានផ្តល់ថវិកាចំនួនជាង ៤ ពាន់លានដុល្លារ ដែលជាចំនួនផ្ដល់ឲ្យដល់នានា តាមយន្តការកូវ៉ាក របស់អង្គការសុខភាពពិភពលោក ដែលតាមរយៈកម្មវិធីនេះ ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ១ លាន ១ សែនដូស នៅត្រឹមដំណាច់ខែឧសភានេះ ហើយនឹងមានមកថែមទៀតនៅពេលក្រោយ ។
ជាការឆ្លើយតបឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះជំនួយរបស់សហរដ្ឋអាមេរិកទាំងក្របខណ្ឌទ្វេភាគីចំពោះកម្ពុជា និងក្របខណ្ឌអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC) និងក្រសួងសុខាភិបាលកម្ពុជា នារយៈពេលកន្លងមក។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១ នេះ បានឲ្យដឹងថា ក្នុងជំនួបនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត បានកត់សម្គាល់រួម លើចំណុចវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ដូចជា វិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលនៅតែមានការកើនខ្លាំងឡើងនៅឆ្នាំ ២០២០ បើទោះបីជាមានបញ្ហាកូវីដ-១៩ យ៉ាងណាក៏ដោយ។ ក្រៅពីនេះ ទោះបីជាមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនក្ដី ភាគីទាំងពីរនៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្តខិតខំដោះស្រាយរួមគ្នា និងមិនធ្វើឱ្យបញ្ហាទាំងនោះក្លាយជាឧបសគ្គនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរនោះទេ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ ២០២២ និងបានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានបង្ហាញសមានចិត្តគាំទ្រជួយទ្រទ្រង់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានទទួល បានជោគជ័យនៅឆ្នាំក្រោយ៕
អត្ថបទ ៖ ជា ធីរិទ្ធ



