ភ្នំពេញ៖ ពលរដ្ឋបានសម្ដែងនូវការអបអរសាទរចំពោះលទ្ធផលក្រៅផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយពួកគេជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជម្នះ ដើម្បីបន្ត ដឹកនាំប្រទេសឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ។
ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខេត្តកណ្ដាល បានលើកឡើងថា ការបោះឆ្នោតពីមួយអាណត្តិ ទៅមួយអាណត្តិ មានកំណើនប្រជាពលរដ្ឋទៅចូលរួម ជាពិសេសនៅអាណត្តិនេះ មានចំនួនរហូតដល់ ជាង៨៤ភាគរយ ដែលចំនួននេះ បានបង្ហាញថា ពលរដ្ឋមានការយល់ដឹងច្រើនជាងមុន ក្នុងការសម្រេចនូវ ជោគវាសនារបស់ខ្លួន ពោលគឺមិនធ្វើអ្វីតាមការញុះញង់របស់ជនអគតិឡើយ ។
ពលរដ្ឋ បានបន្តថា សម្រាប់អាណត្តិថ្មីនេះ ឃើញថាគណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រ ដ៏ច្រើនលើសលុប ពីសំណាក់ប្រជាពលរដ្ឋ ព្រោះតែស្រឡាញ់ ពេញចិត្ត និងជឿជាក់ ចំពោះការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខភាពនាយករដ្ឋមន្ត្រី ។
ប្រជាពលរដ្ឋ ក៏បានបង្ហាញនូវការបន្តគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា ហើយសង្ឃឹមថា នៅ អាណត្តិក្រោយទៀត គណបក្សប្រជាជនកម្ពុជា បានជាប់ឆ្នោតដឹកនាំប្រទេសបន្តទៀត ហើយពួកគេគាំទ្រ ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដានេះ បើតាមលទ្ធគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺមានអ្នកទៅបោះឆ្នោត មានជាង៨លាន ២សែននាក់ ដែលស្មើនឹង៨៤,៥៨ភាគរយ និងមានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែង ៕អត្ថបទ៖ បាន សុខរិទ្ធិ




