ភ្នំពេញ៖ បណ្ដុំយុវជន អង្គការ សមាគម និងសង្គមស៊ីវិល បានសម្ដែងការមិនពេញចិត្ត និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ពីក្រុមប្រឆាំង និងអន្តរជាតិមួយចំនួនដែលចោទថា ការបោះឆ្នោតនៅកម្ពុជាមិនមានភាពត្រឹមត្រូវ។
ពួកគេថា នេះជាការចោទប្រកាន់ខុសឆ្គង។ ជាការឆ្លើយតប ពួកគេប្រាប់ទៅក្រុមប្រឆាំង ក៏ដូចជាបរទេសគាំទ្រក្រុមប្រឆាំង សូមគោរពដល់សិទ្ធិពលរដ្ឋកម្ពុជា ជាង៨លាននាក់ដែលបានទៅចូលរួមបោះឆ្នោត។
ក្រុមការងារនៃ បណ្ដុំយុវជន អង្គការ សមាគម និងសង្គមស៊ីវិល បានមើលឃើញពីភាពប្រសើរ នៃការរៀបចំការងារបោះឆ្នោត ក៏ដូចជាភាពប្រសើរនៃការចូលរួមរបស់គ្រប់គណបក្សប្រកួតប្រជែង និងការចូលរួមទៅបោះឆ្នោតយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋទូទាំងប្រទេស។
ពួកគេមើលឃើញថា ប្រជាពលរដ្ឋមានការពេញចិត្ត និងស្វែងយល់ពីសិទ្ធិរបស់ខ្លួនបានច្បាស់ក្នុងការសម្រេចជោគវាសនាប្រទេសជាតិ ទើបនាំឱ្យមានកំណើនពលរដ្ឋទៅបោះឆ្នោត ។
ដោយមើលឃើញពីភាពប្រសើរទាំងនេះ បណ្ដុំអង្គការសង្គមស៊ីវិល ក៏ផ្ដាំផ្ញើទៅកាន់ក្រុមប្រឆាំង ក៏ដូចជាអន្តរជាតិគាំទ្រក្រុមប្រឆាំង សូមបញ្ឈប់សកម្មភាពរំខាន និងចង់បំផ្លាញកម្ពុជា។ ពួកគេសូមឱ្យក្រុមទាំងនោះ មើលជារួមនិងគោរពដល់សិទ្ធិប្រជាពលរដ្ឋជាង ៨លាននាក់ដែលបានទៅចូលរួមបោះឆ្នោត។
លើសពីនេះទៅទៀត ពួកគេសូមថ្កោលទោសចំពោះទង្វើខុសច្បាប់របស់ក្រុមប្រឆាំងទាំងអ្នករស់នៅក្រៅ និងក្នុងប្រទេស។ ពួកគេក៏ផ្ដាំផ្ញើទៅកាន់ក្រុមខុសច្បាប់ទាំងនោះ ឱ្យបញ្ឈប់រាល់សកម្មភាពដែលចង់បំផ្លាញកម្ពុជា និងបញ្ជាក់ថា ការញុះញង់របស់ពួកគេមិនមានប្រសិទ្ធភាពលើពលរដ្ឋកម្ពុជាទៀតនោះទេ។
តាមរយៈ គ.ជ.ប បង្ហាញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ ២០២៣នេះ គឺមានប្រជាពលរដ្ឋជាង ៨លាននាក់ បានទៅបោះឆ្នោត។ ចំនួននេះ គឺស្មើនឹង ៨៤, ៥៨% នៃចំនួនពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕ អត្ថបទ៖ គឹមហុក