កំពត៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពត បានលើកឡើងថា ពួកគេគាំទ្រលទ្ធផល នៃការរាប់សន្លឹកឆ្នោត ដែលបានបង្ហាញថា គណបក្សប្រជាជន ទទួលបានសំឡេងច្រើនលើសលប់ ហើយក៏នឹងសប្បាយចិត្តនឹង ឃើញគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីក ចម្រើនបន្ថែមទៀតតទៅអនាគត ។
ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តកំពត បានសម្ដែងនូវការយល់ឃើញថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ កាន់តែដំណើរការល្អប្រសើរជាងការបោះឆ្នោតមុនៗ ចាប់តាំងពីការឃោសនា រហូតដល់ពេលបោះឆ្នោត និងការរាប់សន្លឹកឆ្នោត គឺត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង ហើយប្រជាពលរដ្ឋ ក៏បានចេញទៅបោះឆ្នោតដោយសប្បាយចិត្ត ដើម្បីប្រើប្រាស់សិទ្ធិជ្រើសរើសមេដឹកនាំ តាមបែបលទ្ធិប្រជាធិបតេយ្យ ។
លទ្ធផល នៃការរាប់សន្លឹកឆ្នោត បើទោះជាមិនទាន់បានប្រកាសជាផ្លូវការក្ដី ប៉ុន្តែបានបង្ហាញឱ្យ ឃើញពីការនាំមុខលើសលប់របស់គណបក្សប្រជាជន ឈានទៅរកជ័យជម្នះ ក្នុងការបោះឆ្នោតនេះ។ លទ្ធផលនេះ បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសអបអរសាទរ ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត លោក តែ ជិនណារិទ្ធ បានឲ្យដឹងថា សម្រាប់ ខេត្តកំពត មានគណបក្សនយោបាយចំនួន១២ឈរឈ្មោះប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នេះ ដែលមានប្រជាពលរដ្ឋ បានចូលរួមបោះឆ្នោត សរុបជាង ៣៦ម៉ឺននាក់ ស្មើ ៨៥.៧៣% នៃចំនួនពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
ស្ថានភាពទូទៅល្អប្រសើរ ចាប់ពីពេលបើក ការិយាល័យ រហូតដល់បិទការិយាល័យ រាប់សន្លឹកឆ្នោត គ្មានបាតុភាពអ្វីមួយកើតឡើងទេ ពាក្យបណ្តឹង ក៏គ្មានដែរ។ ចំពោះលទ្ធផលក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជា បាននាំមុខគេដាច់ គឺទទួលបានកៅអី ៦លើ៦ ៕ អត្ថបទ៖ អន សារឹម