អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទទី២៤ ខែកក្កដា បានដាក់ទណ្ឌកម្មលើមន្ត្រីម៉ាលីបីនាក់ រួមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ ជុំវិញការចោទប្រកាន់ថា ពួកគេជួយសម្រួលដល់ការដាក់ពង្រាយ និងការពង្រីកសកម្មភាពរបស់ក្រុម Wagner Group របស់រុស្ស៊ី នៅក្នុងប្រទេសអាហ្វ្រិកខាងលិច។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលី លោក Sadio Camara ដែលខ្លួនបាននិយាយថា បានធ្វើដំណើរជាច្រើនលើកទៅកាន់ប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២១ ដើម្បីពង្រឹងកិច្ចព្រមព្រៀងរវាង Wagner Group និងរដ្ឋាភិបាលអន្តរកាលម៉ាលី ដើម្បីដាក់ពង្រាយកម្លាំងទាហានស៊ីឈ្នួល។
ក្រសួងនេះ បាននិយាយថា ទណ្ឌកម្មកាលពីថ្ងៃចន្ទ ក៏មានគោលដៅលើនាយសេនាធិការនៃកងទ័ពអាកាសរបស់ប្រទេសម៉ាលី លោក Alou Boi Diarra និងនាយសេនាធិការរងកងទ័ពអាកាសម៉ាលី លោក Adama Bagayoko ផងដែរ។
លោក Brian Nelson អនុរដ្ឋមន្ត្រីក្រសួងរតនាគារទទួលបន្ទុកការស៊ើបអង្កេតភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បាននិយាយថា៖«មន្ត្រីទាំងនេះ បានធ្វើឲ្យប្រជាជនរបស់ពួកគេ ងាយរងគ្រោះចំពោះសកម្មភាពអស្ថិរភាព និងការរំលោភបំពានសិទ្ធិមនុស្សរបស់ Wagner Group ខណៈពេលដែលត្រួសត្រាយផ្លូវសម្រាប់ការកេងប្រវ័ញ្ចធនធានអធិបតេយ្យភាពរបស់ប្រទេសពួកគេ ដើម្បីជាផលប្រយោជន៍នៃប្រតិបត្តិការរបស់ Wagner Group នៅក្នុងប្រទេសអ៊ុយក្រែន៕

