Alves Borges បានក្លាយជាកីឡាការិនីដំបូងដែលរកបាន ៣ គ្រាប់ម្នាក់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកពិភពលោកឆ្នាំនេះ ជួយឱ្យក្រុមជើងឯកឆ្នាំ ២០០៧ ប្រេស៊ីលយកឈ្នះប៉ាណាម៉ា ៤-០។
ខ្សែប្រយុទ្ធស្លាបដែលកំពុងប្រកបអាជីពនៅលីគបាល់ទាត់អាមេរិក Alves Borges រកបានពីរគ្រាប់ដំបូងរបស់ខ្លួន នៅវគ្គទី ១ និងមួយគ្រាប់ទៀតនៅវគ្គទី ២ ខណៈ Zaneratto Joao រកបានមួយគ្រាប់ផងដែរឱ្យប្រេស៊ីលឈ្នះប៉ាណាម៉ា ៤-០ សុខសប្បាយឡើងឈរលេខ ១ ក្នុងពូល F។
ចំណែកនៅពូល G អ៊ីតាលីក៏រកបាន ៣ ពិន្ទុក្នុងប្រកួតដំបូងរបស់ខ្លួនផងដែរតាមរយៈជ័យជំនះ ១-០ លើអាហ្សង់ទីន។

មួយគ្រាប់ជ័យជំនះរបស់អាហ្សង់ទីនសម្រេចបានដោយខ្សែប្រយុទ្ធ Cristiana Girelli ដែលជាកីឡាការិនីបម្រុងផ្លាស់ប្តូរចូលស៊ុតបញ្ចូលទីបានសំរេចនៅនាទីទី ៨៧ ទៅហើយ។
នៅក្នុងពូល G នេះ ស៊ុយអែត និងអ៊ីតាលីមាន ៣ ពិន្ទុដូចគ្នា ខណៈអាហ្សង់ទីន និងអាហ្វ្រិកខាងត្បូងមានសូន្យពិន្ទុ។
ក្រឡេកក្រុមជើងឯក ២ សម័យអាល្លឺម៉ង់មិនមានឧបសគ្គឡើយសម្រាប់ប្រកួតដំបូងរបស់ខ្លួននៅក្នុងពូល H នេះ ដោយយកឈ្នះម៉ារ៉ុកលទ្ធផលធំធេង ៦-០។
ក្នុងចំណោម ៦ គ្រាប់នោះ មានពីរគ្រាប់ភ្លាត់ចូលទីខ្លួនឯងដោយកីឡាការិនីម៉ារ៉ុក ខណៈខ្សែប្រយុទ្ធអាល្លឺម៉ង់ និងជាប្រធានក្រុម Alexandra Popp រកបានពីរគ្រាប់ម្នាក់ឯង។
ម៉ារ៉ុកជាក្រុមមួយក្នុងចំណោម ៨ ដែលបង្ហាញខ្លួនដំបូងនៅ World Cup ឆ្នាំនេះ៕ អត្ថបទ៖នាង សុភាវុធ