នគរបាលជប៉ុន បាននិយាយថា ពួកគេបានចាប់ខ្លួនស្ត្រីម្នាក់ និងឪពុកម្តាយរបស់ស្ត្រីនោះ ពាក់ព័ន្ធនឹងករណីសម្លាប់កាត់ក្បាលដ៏ចម្លែកមួយ ក្នុងតំបន់កម្សាន្តពេលរាត្រីដ៏ពេញនិយម នៅភាគខាងជើងទីក្រុង Sapporo របស់ប្រទេសជប៉ុន ជាកន្លែងដែលសាកសពបុរសគ្មានក្បាលម្នាក់ ត្រូវបានប្រទះឃើញដោយបុគ្គលិកនៅក្នុងបន្ទប់សណ្ឋាគារ កាលពី ២-៣សប្តាហ៍កន្លងទៅ។

នគរបាលកោះហុកកៃដូ នៅភាគខាងជើងនៃកោះដ៏ធំមួយរបស់ប្រទេសជប៉ុន បាននិយាយ នៅថ្ងៃអង្គារ (ទី២៥ ខែកក្កដា) នេះថា ពួកគេបានចាប់ខ្លួននារីឈ្មោះ Runa Tamura វ័យ ២៩ឆ្នាំ និងឪពុករបស់នាងឈ្មោះលោក Osamu Tamura ដែលជាគ្រូពេទ្យវិកលចរិត វ័យ ៥៩ឆ្នាំ នៅថ្ងៃមុន ពីបទសង្ស័យថា បានរួមគំនិតគ្នាកាត់ក្បាលជនរងគ្រោះ នៅក្នុងបន្ទប់សណ្ឋាគារមួយ ហើយយកក្បាលដែលកាត់នោះចេញ នៅពាក់កណ្តាលអធ្រាត្រ ចន្លោះថ្ងៃទី១ និងទី២ ខែកក្កដា។ ក្បាលរបស់ជនរងគ្រោះឈ្មោះ Hitoshi Ura អាយុ ៦២ឆ្នាំ បានបាត់រកមិនឃើញតាំងពីពេលនោះមក។
នគរបាល បានឆ្មក់ចូលផ្ទះរបស់ជនសង្ស័យ នៅថ្ងៃអង្គារនេះ ហើយបានចាប់ខ្លួនម្តាយរបស់ជនសង្ស័យឈ្មោះលោកស្រី Hiroko Tamura វ័យ ៦០ឆ្នាំ ជាបុគ្គលិកក្រៅម៉ោង ដោយសង្ស័យថា បានសមគំនិតជាមួយគ្រួសារ ក្នុងការដឹកជញ្ជូន និងរក្សាក្បាលនោះ នៅក្នុងផ្ទះ។ តែយ៉ាងណាក្ដី នគរបាលមិនបានបញ្ជាក់ឲ្យច្បាស់លាស់ទេថា តើកូនស្រី និងឪពុកសហការគ្នាយ៉ាងណានោះ។ នគរបាលកំពុងតែស៊ើបអង្កេតពីមូលហេតុជំរុញឲ្យប្រព្រឹត្តឃាតកម្មនេះ តែពុំបានប្រាប់ថា តើស្ត្រី និងជនរងគ្រោះ ស្គាល់គ្នា ឬអត់នោះទេ៕
