បម្រាមរបស់ក្រុមតាលីបង់លើហាងសាឡនសម្រាប់ស្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថាន បានចូលជាធរមាននៅថ្ងៃអង្គារ (២៥ កក្កដា)នេះ។ អាជីវកម្មកែសម្ផស្សដែលប៉ាន់ប្រមាណចំនួន ១២.០០០កន្លែង ទំនងជាត្រូវបិទ។

ការហាមឃាត់នេះក៏នឹងធ្វើឱ្យស្ត្រីជាង ៦០.០០០នាក់ បាត់បង់ការងារ ដោយដាក់សម្ពាធបន្ថែមទៀតដល់សេដ្ឋកិច្ចដែលកំពុងស្ថិតក្នុងវិបត្តិរួចទៅហើយក្នុងប្រទេសនេះ។
ហាងសាឡន ក៏ដូចជាសេវាកម្មកែសម្ផស្សផ្សេងទៀតដែរ បានផ្តល់ឱ្យស្ត្រីអាហ្វហ្គានីស្ថានជាច្រើននូវសុវត្ថិភាព និងជាទីកន្លែងសម្រាប់តែស្ត្រីប៉ុណ្ណោះ ដែលពួកគេអាចជួបជុំគ្នានៅខាងក្រៅផ្ទះបាន ដោយគ្មានវត្តមានបុរស។
ស្ត្រីរាប់សិបនាក់ ដែលប្រឈមនឹងបញ្ហាបែបនេះ បានធ្វើការតវ៉ាដ៏កម្រមួយប្រឆាំងនឹងការហាមឃាត់មួយនេះ។
ក្រសួងសីលធម៌បាននិយាយថា ការដាក់បម្រាមលើហាងកែសម្ផស្សគឺផ្អែកលើការបញ្ជាពីមេដឹកនាំកំពូល ហើយបទបញ្ជាស្រដៀងគ្នានេះ បាននាំឱ្យមានការបិទវិទ្យាល័យ និងសាកលវិទ្យាល័យសម្រាប់ស្ត្រី ព្រមទាំងបញ្ឈប់បុគ្គលិកដែលជាស្ត្រីអាហ្វហ្គានីស្ថានជាច្រើននាក់មិនអោយធ្វើការផងដែរ។
រដ្ឋបាលតាលីបង់និយាយថា ពួកគេគោរពសិទ្ធិស្ត្រីស្របនឹងការបកស្រាយច្បាប់អ៊ីស្លាម និងវប្បធម៌អាហ្វហ្គានីស្ថាន៕
