យោងតាមប្រធានអង្គការឧតុនិយមពិភពលោក (WMO) បានឱ្យដឹងថា ការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល គឺជាគន្លឹះដើម្បីផ្លាស់ប្តូរនិន្នាការអវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយបញ្ហាអាកាសធាតុធ្ងន់ធ្ងរដូចជារលកកម្តៅ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។

លោក Petteri Taalas អគ្គលេខាធិការ WMO បានប្រាប់សារព័ត៌មាន China Media Group (CMG) កាលពីថ្ងៃច័ន្ទក្នុងបទសម្ភាសជាវីដេអូថា ការបន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលគឺជាគន្លឹះនៃសុខុមាលភាពរបស់មនុស្សជាតិនាពេលអនាគត។

អ្នកឧតុនិយមជាន់ខ្ពស់រូបនេះបាននិយាយថា ប្រទេសចិនកំពុងជួយកំណត់របៀបវារៈស្តីពីការកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត ជាមួយនឹងការវិនិយោគរបស់ប្រទេសនេះលើបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ និងរថយន្តអគ្គិសនី។
លោក Taalas បានបញ្ជាក់ថា ទោះបីជាមានវិធានការជាច្រើនកំពុងត្រូវបានធ្វើឡើងដើម្បីពង្រឹងការឆ្លើយតបទៅនឹងការគំរាមកំហែងនៃបម្រែបម្រួលអាកាសធាតុ ព្រមទាំងអភិវឌ្ឍន៍ប្រភពថាមពលស្អាតបន្ថែមទៀតដូចជាខ្យល់ ថាមពលព្រះអាទិត្យ និងថាមពលនុយក្លេអ៊ែរក៏ដោយ ក៏វិធានការទាំងនោះមិនមានប្រសិទ្ធភាព គ្រប់គ្រាន់ក្នុងការដោះសា្រយបញ្ហាអាកាសធាតុនោះដែរ៕