ផ្នែកខ្លះនៃតំបន់ភាគខាងជើងប្រទេសទុយនីស៊ី ត្រូវបានបំផ្លាញដោយសារចំហេះព្រៃកាលពីថ្ងៃចន្ទ (២៤ កក្កដា) ស្របពេលមានរលកកម្ដៅដ៏ខ្លាំងនៅក្នុងប្រទេសនេះ។

វីដេអូដែលថតដោយសាក្សីម្នាក់នៅទីប្រជុំជន Tabarka បានបង្ហាញពីឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យមួយគ្រឿងកំពុងផ្ទុកទឹក មុនពេលចូលទៅធ្វើប្រតិបត្តិការនៅជិតចំហេះព្រៃ នៅលើភ្នំដែលគ្របដណ្តប់ដោយព្រៃឈើ ក្រោមផ្សែងខ្មៅដ៏ខ្មួលខ្មាញ់។
ទីប្រឹក្សាគ្រប់គ្រងវិបត្តិ Crisis24 បាននិយាយថា ក្រុមអាជ្ញាធរកំពុងព្យាយាមជម្លៀសមនុស្សយ៉ាងហោចណាស់ ២.៥០០នាក់ ចេញពីទីប្រជុំជន Tabarka ប៉ុន្តែអគ្គិភ័យបានបិទផ្លូវ និងរារាំងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនោះ។
ទីភ្នាក់ងារ Crisis24 បានបន្ថែមទៀតថា លក្ខខណ្ឌអាកាសធាតុក្តៅ និងស្ងួត ត្រូវបានគេរំពឹងថានឹងនៅតែមាននៅជុំវិញតំបន់ Tabarka ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយកំណើននៃចំហេះព្រៃបន្ថែមទៀត ក៏ត្រូវបានគេរំពឹងទុកថា នឹងកើតមានផងដែរ៕
