កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំបានប្រកាសពីការរកឃើញមនុស្ស ៣នាក់ទៀតបានឆ្លងមេរោគកូវីដ-១៩នៅក្នុងស្រុកចំនួន ៣ នៃខេត្តនេះ ក្នុងចំណោមនោះ អ្នកឆ្លងថ្មី ២នាក់ ជាអ្នកធ្វើដំណើរវិលត្រឡប់ទៅពីរាជធានីភ្នំពេញ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកំពង់ធំបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ទាំង ៣នាក់នេះ ត្រូវបានរកឃើញលើនារីម្នាក់អាយុ ២០ឆ្នាំ នៅស្រុកកំពង់ស្វាយ និងបុរសម្នាក់អាយុ ២៦ឆ្នាំ នៅស្រុកតាំងគោក។
បើរដ្ឋបាលខេត្តកំពង់ធំ ពលរដ្ឋទាំង ២នាក់នេះ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីបានធ្វើដំណើរវិលត្រឡប់ពីរាជធានីភ្នំពេញ ទៅខេត្តកំពង់ធំ។
ចំណែកឯស្ត្រីម្នាក់ទៀតអាយុ ៦០ឆ្នាំ រដ្ឋបាលខេត្តកំពង់ធំ បញ្ជាក់ថា បានឆ្លងមេរោគកូវីដ-១៩នៅភូមិឈើទាល ឃុំអណ្ដូងពោធិ៍ ក្នុងស្រុកស្ទោង ដោយពាក់ព័ន្ធនឹងព្រឹត្តិការណ៍ភូមិកុលាបទង។
រដ្ឋបាលខេត្តនេះ ក៏បានអំពាវនាវទៅដល់ពលរដ្ឋពាក់ព័ន្ធនឹងមនុស្សទាំង ៣នាក់នេះ ឱ្យទៅផ្ដល់សំណាកដើម្បីពិនិត្យរកមេរោគកូវីដ-១៩ និងដាក់ខ្លួនឯងនៅដាច់ដោយឡែកដើម្បីតាមដានសុខភាពខ្លួនឯង៕
