
ជាថ្មីម្តងទៀត ប្រជាជនជប៉ុនបានសម្តែងការប្រឆាំងរបស់ពួកគេ និងបានជំរុញឱ្យរដ្ឋាភិបាលជប៉ុន លុបចោលផែនការរបស់ខ្លួន ក្នុងការបញ្ចេញចោលសំណល់ទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ិឈី ដែលខូចខាត ចូលទៅក្នុងមហាសមុទ្រ។
រដ្ឋាភិបាលជប៉ុន បានសម្រេចធ្វើប្រព្រឹត្តិកម្ម និងសម្លាប់មេរោគសំណល់ទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រ ហ្វ៊ូគូស៊ីម៉ា ហើយបង្ហូរវាទៅក្នុងសមុទ្រក្នុងឆ្នាំ២០២៣នេះ ដោយមិនយកចិត្តទុកដាក់ចំពោះសំណួរ ព្រមទាំងការរិះគន់ក្នុងស្រុក និងពីបរទេសឡើយ។
ដំណើរការនេះត្រូវបានគេរំពឹងថានឹងមានរយៈពេលពី ២០ឆ្នាំទៅ ៣០ឆ្នាំ រហូតដល់រោងចក្រថាមពលនុយក្លេអ៊ែរនេះត្រូវបានកម្ទេចចោល។
រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុន TEPCO បាននិយាយថា ពួកគេនឹងប្រើប្រាស់ប្រព័ន្ធកែច្នៃសារធាតុរាវកម្រិតខ្ពស់ (ALPS) ដែលជាឧបករណ៍ចម្រាញ់យកចេញនូវសារធាតុនុយក្លេអ៊ែរជាច្រើន ដើម្បីកាត់បន្ថយការខូចខាតដែលបង្កឡើង។
ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនបានចោទសួរពីប្រសិទ្ធភាពនៃវិធានការបែបនេះ ដោយប្រព័ន្ធ ALPS នឹងកាត់បន្ថយកំហាប់នៃសារធាតុវិទ្យុសកម្មចំនួន ៦២ ប្រភេទ ប៉ុន្តែសាធាតុទ្រីទីញ៉ូម (Tritium) ជាសារធាតុដែលពិបាកដកចេញដោយការបន្សុត នឹងក្លាយជាករណីលើកលែង ហើយវានឹងនៅតែមាននៅក្នុងទឹកដែលបានធ្វើប្រព្រឹត្តកម្មរួច៕