ភ្នំពេញ ៖ប្រទេសអូស្រ្តាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦ លានដុល្លារអូស្រា្តលី ដល់កម្ពុជាក្នុងឆ្នាំ ២០២៣-២០២៤ ក្នុងនោះមាន ៤៧,៩ លានដុល្លារអូស្រា្តលី ក្នុងក្របខ័ណ្ឌទ្វេភាគីខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្តល់តាមរយៈកម្មវិធីសកលនិងតំបន់។ នេះបើយោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដានេះ បានឱ្យដឹងថា
ក្នុងលិខិតរួមថ្មីៗនេះរបស់លោកជំទាវ ផេននី វង រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្ដរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្ត្រីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្ដ្រាលីផ្ញើជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសថា ប្រទេសអូស្រ្តាលីនឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦ លានដុល្លារអូស្រា្តលីដល់កម្ពុជាក្នុងឆ្នាំ២០២៣-២០២៤នេះ។
សេចក្ដីប្រកាសបញ្ជាក់ថាការបផ្ដល់ជំនួយនេះ រួមមាន ៤៧,៩ លានដុល្លារអូស្រា្តលីក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្តល់តាមរយៈកម្មវិធីសកល និងតំបន់ហើយជំនួយអភិវឌ្ឍន៍នេះបានបញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨ លានដុល្លារអូស្រា្តលីក្នុងឆ្នាំ២០២២-២០២៣។
ក្រសួងការបរទេសបញ្ជាក់ថាជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលី ដែលស្របតាមការខិតខំប្រឹងប្រែងរបស់កម្ពុជា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា តាមរយៈការបង្កើនការទទួលបាននិងបទដ្ឋាននៃសេវាសាធារណៈ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនា-សម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែកបង្កើតប្រព័ន្ធគាំពារសង្គមដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ។
ក្រសួងបានឱ្យដឹងថារដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់មហិច្ឆតារបស់កម្ពុជាហើយត្រៀមខ្លួនបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការងារអាទិភាពរួមគ្នានៃប្រទេសទាំងពីរ។កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់អូស្ត្រាលីដល់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីរងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតសកលកូវីដ១៩ ក៏ដោយ។ កាយវិការនេះគឺជាសក្ខីភាព ដ៏ច្បាស់លាស់មួយចំពោះភាពរឹងមាំនៃទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងអូស្ត្រាលី៕ អត្ថបទ៖ វ៉ន ដារ៉ា




