
កម្មវិធីផ្សាយវីដេអូកម្សាន្ត TikTok ដែលគ្រប់គ្រងដោយប្រទេសចិននិយាយថា ខ្លួននឹងផ្តល់ជូនមុខងារបង្ហោះជាអក្សរថ្មីបន្ថែមទៀត ខណៈដែលការប្រកួតប្រជែងរវាងប្រព័ន្ធផ្សព្វផ្សាយសង្គមខ្នាតយក្សជាច្រើន កំពុងតែមានភាពក្ដៅគគុក។ TikTok និយាយថា មុខងារថ្មីនេះផ្តល់ឱ្យអ្នកប្រើប្រាស់នូវ "វិធីមួយផ្សេងទៀតដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេ"។
កាលពីដើមខែនេះ ក្រុមហ៊ុន TikTok បានដាក់ចេញនូវសេវាកម្មចាក់ផ្សាយតន្ត្រីថ្មីមួយទៅកាន់វេទិកាប្រកួតប្រជែងដូចជា កម្មវិធីស្ដាប់តន្រ្តី Spotify និងកម្មវិធី Apple Music ជាដើម។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែល កម្មវិធីបណ្ដាញសង្គម Twitter របស់លោក Elon Musk ប្ដូរចោលនិមិត្តសញ្ញាបក្សីពណ៌ខៀវដ៏ល្បីល្បាញរបស់ខ្លួន ទៅជាអក្សរ X ពណ៌សផ្ទៃខាងក្រោយទៅជាពណ៌ខ្មៅវិញ។
ឥឡូវនេះអ្នកប្រើប្រាស់កម្មវិធី TikTok នឹងត្រូវបានផ្តល់ជូនជម្រើសបីនៅលើកម្មវិធីនោះ គឺជម្រើសបង្ហោះរូបថត វីដេអូ ឬអត្ថបទ។ អ្នកប្រើប្រាស់ក៏នឹងអាចកំណត់ការបង្ហោះបានដោយការបន្ថែមសំឡេង ទីតាំង ឬជម្រើសឆ្លើយឆ្លង ដែលជាការឆ្លើយតបជាវីដេអូចំពោះការបង្ហោះដោយអ្នកប្រើប្រាស់ TikTok ផ្សេងទៀត។
ក្រុមហ៊ុន TikTok បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា "លក្ខណៈពិសេសទាំងនេះធ្វើឱ្យការបង្ហោះអត្ថបទរបស់អ្នក គឺមានភាពទាក់ទាញនិងអន្តរកម្ម ដូចវីដេអូ ឬរូបថតដែរ"៕