ភ្នំពេញ ៖ បណ្ដាអង្គការ សមាគម សង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣នេះបានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់គាំទ្រដល់ដំណើរការ និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យពេញលេញ។
បណ្ដាអង្គការ សមាគម សង្គមស៊ីវិលនានានៅរាជធានី-ខេត្តប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃការបោះឆ្នោតសម្រាប់ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញសេចក្ដីប្រកាសលទ្ធផលបណ្ដោះអាសន្នកាលពីប្រលប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ហើយដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុប។
បណ្ដាអង្គការ សមាគម សង្គមស៊ីវិលនានាសង្កេតឃើញថា ដំណើរការ ក៏ដូចជាការប្រកាសលទ្ធផលពិតជាមានតម្លាភាព សេរី យុត្តិ-ធម៌ ត្រឹមត្រូវ ប្រជាធិបតេយ្យពិតប្រាកដ ពុំមានការបង្ខិតបង្ខំ គាបសង្កត់ បំភិតបំភ័យគឺបងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់ៗរូប បានទៅបោះឆ្នោត ដោយទឹកមុខញញឹម ពេញចិត្តនិងសប្បាយរីករាយទាំងអស់គ្នា។
បណ្ដាអង្គការ សមាគម សង្គមស៊ីវិលនានា ក៏បានថ្កោលទោសដល់ក្រុមនិន្នាការប្រឆាំងពិសេសអតីតមេបក្សប្រឆាំងទណ្ឌិត សម រង្ស៊ី និងបក្សពួកដែលបានរត់ភៀសខ្លួននៅក្រៅប្រទេស ដែលបន្តញុះញង់ឲ្យប្រជាពលរដ្ឋធ្វើសកម្មភាពខុសច្បាស់ ពិសេសការគូសខ្វែងសន្លឹកឆ្នោត ប៉ុន្ដែផ្ទុយទៅវិញអ្វីដែលក្រុមប្រឆាំងបានកំពុងតែធ្វើនោះមិនត្រឹមតែមិនបានផលថែមទាំងធ្វើឲ្យសន្លឹកឆ្នោតមិនមានការថយចុះទៅវិញ។
បើតាម គ.ជ.ប បើប្រៀបធៀបនឹងការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣ មានសន្លឹកឆ្នោតមិនបានការចំនួនជាង ៤៤ ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួននេះតិចជាងចំនួនសន្លឹកឆ្នោតមិនបានការកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានជាង ៥៩ ម៉ឺនសន្លឹក។
បណ្ដាអង្គការ សមាគម សង្គមស៊ីវិលនានា ប្រកាសគាំទ្រចំពោះលទ្ធផលដែល គ.ជ.ប ប្រកាសលទ្ធផលណ្តោះអាសន្ន និងសូមចូលរួមអបអរសាទរដល់គណបក្សប្រជាជនកម្ពុជាដែលទទួលបានសម្លេងគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសក្នុងការបោះឆ្នោតថ្នាក់ជាតិអាណត្តិនេះ៕ អត្ថបទ៖វ៉ន ដារ៉ា









