ភ្នំពេញ ៖ ឯកឧត្តម វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងជោគជ័យ។
ឯកឧត្តម វឿង ឌិញហ្វេ បានបង្ហាញសេចក្តីសោមនស្សរីករាយ ដែលព្រះរាជាណាចក្រកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងជោគជ័យ។
ឯកឧត្ដមបន្តថា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះដ៏ត្រចះត្រចង់ និងបន្តធ្វើជាគណបក្សកាន់អំណាច។ ក្នុងនាមរដ្ឋសភានៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ឯកឧត្ដមបានសម្ដែងការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ សម្តេចប្រធាន និងប្រជាជនកម្ពុជាទាំងអស់។
ឯកឧត្តម វឿង ឌិញហ្វេ មានជំនឿចិត្តថាប្រជាជនកម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធិផលកាន់តែច្រើន លើមាគ៌ាឆ្ពោះទៅ រកការកសាងប្រទេសកម្ពុជាប្រកបដោយស្ថិរភាព អភិវឌ្ឍនភាព និងវិបុលភាព ហើយតួនាទី និងជំហររបស់ ព្រះរាជាណាចក្រកម្ពុជា នឹងបន្តរីកចម្រើនទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ឯកឧត្តម ជឿជាក់យ៉ាងមុតមាំថា ជ័យជម្នះដ៏អស្ចារ្យនេះ នឹងដើរតួនាទីជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជារវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ឲ្យឡើងដល់ កម្រិតកំពូលថ្មីមួយ ដើម្បីបម្រើផលប្រយោជន៍ដ៏ធំធេងរបស់ប្រជាជន និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕អត្ថបទ៖ វ៉ន ដារ៉ា




