
រលកកម្ដៅដែលអូសបន្លាយ នៅសហរដ្ឋអាមេរិក បាននាំឲ្យមានអ្នកជំងឺរលាកធ្ងន់ធ្ងរកើនឡើង បន្ទាប់ពីប៉ះជាមួយនឹងកម្ដៅថ្ងៃ ឬវត្ថុផ្សេងៗ។ ក្រុមគ្រូពេទ្យនៅរដ្ឋ Arizona បាននិយាយថា អ្នកជំងឺមួយចំនួន បានចាប់ផ្ដើមមានអាការៈឈឺចាប់ បន្ទាប់ពីដួលទៅលើថ្នល់កៅស៊ូ ដែលក្ដៅខ្លាំងដោយសារកម្តៅព្រះអាទិត្យ។ នៅទីក្រុង Phoenix ឥឡូវនេះ ជួបប្រទះនឹងការឡើងកម្ដៅក្ដៅខ្លាំង ២៤ថ្ងៃជាប់ៗគ្នា ដោយមានសីតុណ្ហភាពលើសពី ៤៣អង្សាសេ។
ក្រុមមន្ត្រីបានព្រមានថា សីតុណ្ហភាពនៅលើផ្ទៃដី អាចឡើងដល់ជិតដល់ចំណុចរំពុះ ហើយដាស់តឿនប្រជាជនឲ្យស្វែងរកទីជម្រកគេចពីកម្ដៅក្ដៅស្ទើរទ្រាំមិនបាននេះ។ លោកវេជ្ជបណ្ឌិត Kevin Foster ពីមជ្ឈមណ្ឌលជំងឺរលាករបស់រដ្ឋ Arizona បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ BBC News ថា គ្រែពេទ្យទាំង៤៥ របស់មជ្ឈមណ្ឌល នាពេលនេះ មានអ្នកជំងឺសម្រាកពេញទាំងអស់ ហើយប្រហែល ១ភាគ៣នៃអ្នកជំងឺទាំងនោះ បានរងរបួសរលាកធ្ងន់ធ្ងរ ដោយសារកម្ដៅនៅលើផ្ទៃបេតុង និងថ្នល់កៅស៊ូ។
លោក Foster បាននិយាយថា រដូវក្តៅគឺជាពេលវេលាដ៏មមាញឹកធម្មតាទៅហើយ សម្រាប់ការព្យាបាលអ្នកជំងឺនេះ ដូច្នេះ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះឡើយ ប៉ុន្តែចំនួននេះ គឺរាងខ្ពស់ហួសពីការគិតទុកបន្តិច ដោយបន្ថែមថា រហូតមកដល់ពេលនេះ អត្រាអ្នកជម្ងឺថ្មី បានកើនលើសឆ្នាំ២០២២ នៅរដូវក្តៅនេះ។
លោកគ្រូពេទ្យរូបនេះ បានបញ្ជាក់ថា អ្នកជំងឺភាគច្រើន គឺជាមនុស្សវ័យចំណាស់ ដែលអាចដួល បន្ទាប់ពីមិនសូវមានភាពរឹងមាំ ដោយសារក្ដៅខ្លាំង ឬកុមារដែលមិនអាចងើបពីដីភ្លាមៗ បន្ទាប់ពីដួល។ តែទោះយ៉ាងណាក៏ដោយ លោក Foster ប្រាប់ថា «បញ្ហាធំបំផុត» គឺអ្នកប្រើប្រាស់គ្រឿងញៀន ដែលជារឿយៗ តែងខ្វះជាតិទឹក ហើយអាចដួលសន្លប់នៅតាមចិញ្ចើមផ្លូវ។
ការស្រាវជ្រាវបានបង្ហាញថា ការនៅខាងក្នុងរថយន្ត ឬប៉ះផ្ទៃថ្នល់ក្រាលកៅស៊ូខ្មៅ អាចក្តៅជាងសីតុណ្ហភាពក្នុងខ្យល់ឆ្ងាយណាស់។ ការប៉ះលោហធាតុ ឬផ្ទៃថ្នល់កៅស៊ូ ត្រឹមតែ ២-៣វិនាទី អាចគ្រប់គ្រាន់ល្មមធ្វើឲ្យមានការរលាកធ្ងន់ធ្ងរបានដែរ។ អង្គភាពសេវាកម្ម Cleo Warner បានជួយសម្របសម្រួលបណ្តាញជំនួយសង្គ្រោះពាក់ព័ន្ធនឹងកម្ដៅ នៅតំបន់ Maricopa របស់រដ្ឋ Arizona ដោយឥឡូវនេះបណ្តាញនេះ ដំណើរការកន្លែងត្រជាក់ និងផ្តល់ជាតិទឹកចំនួន ២៣៥កន្លែង ដែលមនុស្សអាចទៅលេង ដើម្បីទទួលយកសំណើម ពីម៉ាស៊ីនត្រជាក់ និងទឹក ក្នុងរយៈពេល ២-៣ម៉ោង៕