
សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចូលរួមជាមួយម្ចាស់ជំនួយសំខាន់ៗក្នុងការទាមទារឲ្យអង្គការសហប្រជាជាតិអាច ផ្តល់ជំនួយតាមរយៈច្រកឆ្លងកាត់ដ៏សំខាន់មួយពីប្រទេសទួរគីទៅកាន់ប្រទេសស៊ីរី នៅភាគពាយ័ព្យដែលកាន់កាប់ដោយក្រុមឧទ្ទាមដោយឯករាជ្យ និងដល់មនុស្សគ្រប់គ្នា ដែលត្រូវការជំនួយ។
នោះគឺជាការបដិសេធលក្ខខណ្ឌដែលកំណត់ដោយស៊ីរី និងគាំទ្រដោយសម្ព័ន្ធមិត្តរុស្ស៊ីដែលក្រុងដាម៉ាសគ្រប់គ្រងជំនួយទាំងអស់ និងហាមឃាត់ការទំនាក់ទំនងរបស់អង្គការសហប្រជាជាតិជាមួយពួកឧទ្ទាមនៅក្នុងតំបន់។
ឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Linda Thomas-Greenfield បានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខUNថា ការផ្តល់ជូនរបស់រដ្ឋាភិបាលស៊ីរីកាលពីដើមខែនេះ ដើម្បីអនុញ្ញាតឲ្យមានការចែកចាយជំនួយតាមរយៈច្រក Bab al-Hawa បង្ហាញពីតម្រូវការសម្រាប់ជំនួយឆ្លងព្រំដែន ប៉ុន្តែ លោកស្រី បាននិយាយថា ការរឹតបន្តឹងរបស់ប្រទេសស៊ីរី មិនអាចទទួលយកបានទេ ហើយនឹងរារាំងដល់ការផ្តល់ជំនួយសង្គ្រោះ និងធ្វើឲ្យបុគ្គលិកមនុស្សធម៌ រួមទាំងបុគ្គលិកUN មានហានិភ័យផងដែរ។
បន្ទាប់ពីអាណត្តិ៦ខែចុងក្រោយ បានផុតកំណត់នៅថ្ងៃទី១០ ខែកក្កដា ប្រទេសរុស្ស៊ី បានវេតូការបន្តរយៈពេល៩ខែ ហើយក្រុមប្រឹក្សាសន្តិសុខ បានច្រានចោលសេចក្តីសម្រេចរបស់រុស្ស៊ីសម្រាប់ការបន្តរយៈពេល ៦ខែ។