
តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារ ទី២៥ខែកក្កដានេះ បានសម្រេចប្រឆាំងនឹងការបោះឆ្នោតសភា ដើម្បីចោទប្រកាន់រដ្ឋមន្ត្រីមហាផ្ទៃជុំវិញការឆ្លើយតបរបស់រដ្ឋាភិបាលដែលខ្វះសមត្ថភាព ចំពោះឧបទ្ទវហេតុប្រជ្រៀតជាន់គ្នាក្នុងធិពីបុណ្យHalloween ដែលបណ្តាលឲ្យមនុស្សស្លាប់ច្រើននាក់នៅទីក្រុងសេអ៊ូល កាលពីឆ្នាំមុន ដោយបង្កឲ្យមានកំហឹង និងការខកចិត្តនៅក្នុងចំណោមសាច់ញាតិរបស់ជនរងគ្រោះ។
យោងតាមសាក្សីរ៉យទ័រម្នាក់ បានឲ្យដឹងថា ចំពេលមានវត្តមាននគរបាលដ៏ច្រើននៅឯតុលាការធម្មនុញ្ញ សាច់ញាតិមួយចំនួនដែលចូលរួមសវនាការ បានយំ បន្ទាប់ពីតុលាការចេញសេចក្តីសម្រេចនោះ ដោយម្តាយពីរនាក់ បានដួល ហើយត្រូវបានរថយន្តសង្គ្រោះដឹកយកទៅ។
កាលពីខែកុម្ភៈ សមាជិកសភា បានបោះឆ្នោតចោទប្រកាន់រដ្ឋមន្ត្រី Lee Sang-min ដោយជំរុញឲ្យលោកទទួលខុសត្រូវចំពោះការបរាជ័យជុំវិញការឆ្លើយតបទៅនឹងហ្វូងមនុស្សប្រជ្រៀតជាន់គ្នាដែលបានបណ្តាលឲ្យមនុស្ស១៥៩នាក់ ស្លាប់ ភាគច្រើនស្ថិតក្នុងវ័យ២០ឆ្នាំ នៅក្នុងសង្កាត់កម្សាន្តពេលរាត្រីដ៏ពេញនិយម ក្នុងទីក្រុងសេអ៊ូល។
លោក Lee Jong-seok ដែលជាចៅក្រុមម្នាក់នៅតុលាការនោះ បាននិយាយថា៖«ឧបទ្ទវហេតុហេតុដ៏ភយន្តរាយនេះ មិនត្រូវបានបង្កឡើង និងធ្វើឲ្យធ្ងន់ធ្ងរឡើងដោយបុព្វហេតុតែមួយ ឬមនុស្សម្នាក់ទេ» ដោយបន្ថែមថា ភ្នាក់ងាររដ្ឋាភិបាលផ្សេងៗគ្នា មិនមានលទ្ធភាពឆ្លើយតបក្នុងលក្ខណៈរួបរួមគ្នាចំពោះគ្រោះមហន្តរាយទ្រង់ទ្រាយធំនោះទេ»។